ពិធីបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈមន្ត្រីសង្គមកិច្ចក្រសូងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥-- លោក សរ បូរីរក្ស នាយកវិទ្យាស្ថានជាតិសង្គមកិច្ចនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលការពង្រឹងចំណេះដឹង និងជំនាញសង្គមកិច្ចជូនដល់មន្រ្តីបច្ចេកទេសនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

លោក សរ បូរីរក្ស នាយកវិទ្យាស្ថានជាតិសង្គមកិច្ច បានលើកឡើងថា គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីពង្រឹងសមត្ថភាពមន្ត្រីគ្រប់លំដាប់ថ្នាក់នៃក្រសួង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ) ស្របតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា។

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៣ថ្ងៃ ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ដោយផ្ដោតលើប្រធានបទចំនួន៣ រួមមាន ទី១. សេចក្តីផ្តើមសង្គមកិច្ច ទី២. ការគ្រប់គ្រងករណី និង៣. ជំនួបគាំទ្របច្ចេកទេស ដែលជាមូលដ្ឋានការងារសង្គមកិច្ច៕


ដោយ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





