ឯកឧត្តម ជា ឆេង នាំយកអំណោយរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋភៀសសឹក និងក្រុមគ្រួសារវីរយុទ្ធជននៅស្រុកអូរជ្រៅ
AKP បន្ទាយមានជ័យ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម ជា ឆេង ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូរជ្រៅ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃពុធ ទី០៦ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក និងក្រុមគ្រួសារវីរយុទ្ធជនសរុបចំនួន២៩៤គ្រួសារ ដែលបានមករស់នៅក្នុងមូលដ្ឋានស្រុកអូរជ្រៅ បន្ទាប់ពីមានការបង្កហេតុ និងឈ្លានពានពីសំណាក់ប្រទេសជិតខាង។

ពិធីដ៏មានសារៈសំខាន់នេះមានការចូលរួមចូលរួមពីសំណាក់លោកជំទាវ នួម សុភ័ណ្ឌ តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម តាន់ ផាន់ណារ៉ា និងលោក លី សុវណ្ណរិទ្ធ អនុប្រធានក្រុមការងារ រួមទាំងថ្នាក់ដឹកនាំរដ្ឋបាលស្រុក និងឃុំក្នុងមូលដ្ឋានស្រុកអូរជ្រៅជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ជា ឆេង បានថ្លែងថា «ខ្ញុំពាំនាំនូវការសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ក៏ដូចជាឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលកំពុងជួបការលំបាក»។

ឯកឧត្តមបានបន្តទៀតថា «រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសក្នុងគ្រាអាសន្ន។ អំណោយដែលផ្តល់ជូននៅថ្ងៃនេះ គឺជាសក្ខីកម្មដ៏រស់រវើកនៃការគិតគូរ និងក្តីស្រឡាញ់របស់ថ្នាក់ដឹកនាំជាតិចំពោះបងប្អូន»។

ឯកឧត្តមក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមទាំងក្រុមការងារ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមសហការយ៉ាងល្អក្នុងការដោះស្រាយបញ្ហាស្បៀងបានទាន់ពេលវេលា ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ។ «ខ្ញុំសូមផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់ជួយមើលថែ និងទំនុកបម្រុងបងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រួសារវីរយុទ្ធជនឱ្យបានល្អប្រសើរ ដើម្បីផ្តល់ភាពកក់ក្តៅ និងផ្តល់ទំនុកចិត្តដល់វីរយុទ្ធជននៅសមរភូមិមុខដែលកំពុងតែការពារបូរណភាពទឹកដីរបស់យើង»។

គួររំលឹកផងដែរថា ពិធីនេះបានបង្ហាញយ៉ាងច្បាស់អំពីកិច្ចសហការដ៏រឹងមាំរវាងរាជរដ្ឋាភិបាល ក្រុមការងារចុះមូលដ្ឋាន និងអាជ្ញាធរខេត្ត ស្រុក ឃុំ ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងកាលៈទេសៈដ៏លំបាកនេះ ដើម្បីធានានូវសន្តិសុខ ស្ថិរភាព និងសុខុមាលភាពជូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង៕
ដោយ ឈុន សារ៉ាត





