ថ្នាក់ដឹកនាំខេត្តកំពង់ចាមបន្តចុះសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌ផ្តល់ជូនពលរដ្ឋភៀសខ្លួន គ្រួសារកងទ័ពជួរមុខ និងរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកបាធាយ
AKP កំពង់ចាម ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម រួមជាមួយថ្នាក់ដឹកនាំតាមមន្ទីរអង្គភាពជុំវិញខេត្ត នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ បានបន្តអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន៨៥គ្រួសារ ដែលរស់នៅក្នុងស្រុកបាធាយ ខេត្តកំពង់ចាមដែលបងប្អូនជាជនភៀសខ្លួនមកពីបណ្តាខេត្ត ជាប់តំបន់ព្រំដែន មានខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តព្រះវិហារ ចំនួន១៨គ្រួសារ គ្រួសារយោធិនជួរមុខ៤គ្រួសារ និងពលរដ្ឋរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ ធ្ងន់ ស្រាលចំនួន៦៣គ្រួសារ។

ថ្លែងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខា ក៏ បានសម្តែងការចូលរួមសោកស្តាយជាមួយបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិ ដែលធ្វើឱ្យប៉ះពាល់ទ្រព្យសម្បត្តិ និងខូចខាតលំនៅឋាន និងបាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីប្រមុខថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែគិតគូរពីសុខទុក្ខដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះ ពិសេសជនភៀសសឹក ឬគ្រួសារកងទ័ពជួរមុខគ្រួសារកងទ័ពនៅសមរភូមិជួរមុខត្រូវយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាព មកស្នាក់នៅបណ្តោះអាសន្ន ដើម្បីទទួលបានគ្រឿងឧបភោគបរិភោគគ្រប់ៗគ្នា។

ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់បងប្ហូនទាំងអស់គ្នា ខិតខំថែទាំសុខភាពឱ្យបានល្អ ដោយការរស់នៅត្រូវអនុវត្តវិធានអនាម័យស្អាត៣យ៉ាង ហូបស្អាត ផឹកស្អាត និងរស់នៅ ស្អាត ក្នុងការបង្ការទប់ស្កាត់ ការពារការឆ្លងនៃជំងឺឆ្លងផ្សេងៗ នាំឱ្យប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួន និងសុវត្ថិភាពបងប្អូន។


សូមជម្រាបជូនថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនទាំង៨៥គ្រួសារ ក្នុង១គ្រួសារ ទទួលបាន៖ អង្ករ២៥គ.ក្រ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ៤យួរ កន្ទេល១ សាប៊ូ២ដុំ មុង១ ក្រមា ១ និងថវិកាមួយចំនួន។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា និងក្រុមការងារ បានប្រគេននូវទេយ្យទានចូលបុណ្យព្រះវស្សាដល់ព្រះចៅអធិការវត្តសំវរសីល ហៅវត្តសណ្តែក នូវទៀនចំណាំព្រះវស្សា១គូ សាដក២ អង្ករ១០០គ.ក្រ មី ត្រីខ ទឹកផ្លែឈើ ទឹកពិសាប្រណិត២កេស និងបច្ច័យមួយចំនួនផងដែរ៕
ដោយ ឆាយ ម៉ុត





