ក្រុមហ៊ុនវិនិយោគមកពីទីក្រុងណានជីង ប្រទេសចិន ស្វែងយល់ពីការវិនិយោគ និងការអភិវឌ្ឍ
AKP ព្រះសីហនុ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលជំនួបសម្តែងការគួសមជាមួយគណ:ប្រតិភូក្រុមហ៊ុនវិនិយោគមកពីទីក្រុងណានជីងនៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Gao Gu Guang អនុប្រធានក្រុមហ៊ុន Development Co,Ltd ដើម្បីស្វែងយល់ពីការវិនិយោគ និងការអភិវឌ្ឍក្នុងខេត្តព្រះសីហនុ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃពុធ ទី០៦ ខែសីហា ឆ្នាំ២០២៥។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍គណ:ប្រតិភូទីក្រុងណានជីង ដែលបានមកដល់ខេត្តព្រះសីហនុ ព្រមទាំងបានជម្រាបជូនពីសក្តានុពលរបស់ខេត្តព្រះសីហនុ ជាខេត្តស្ថិតនៅទិសនិរតីនៃប្រទេសកម្ពុជា មានឆ្នេរ កោះស្រស់ស្អាត ត្រូវបានសមាជិកក្លឹបឆ្នេរសមុទ្រស្អាតដាក់បញ្ជូលជាសមជិកក្លឹបឆ្នេរស្អាតលើពិពភលោក ហើយវិស័យដែលមានសក្តានុពលមានដូចជាការដឹកជញ្ជូនមានដូចជា ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម (ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម) និងជាគោលដៅទេសចរណ៍ប្រកបដោយប្រជាប្រិយភាព ដែលមានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាសម្រាកលម្ហែយ៉ាងច្រើន ហើយត្រូវបានប្រសិទ្ធនាមថា ជា "តារារះនាទិសនិរតី"។

ឯកឧត្តមអភិបាលខេត្តបានបន្តថា វិស័យដឹកជញ្ចូនរបស់ខេត្តមាន ផ្លូវគោក ផ្លូវជាតិលេខ៣ លេខ៤ ផ្លូវល្បឿនលឿន និងផ្លូវដែក។ ផ្លូវអាកាស ព្រលានយន្តហោះអន្តរជាតិ មានផ្លូវរត់ប្រវែង ៣ ៣០០ម៉ែត្រ បច្ចុប្បន្នមានជើងហោះហើរត្រង់ពីខេត្តព្រះសីហនុ ទៅកាន់ខេត្តនៃប្រទេសចិន ហើយខែក្រោយ និងមានការហោះហើរត្រង់ពីខេត្តព្រះសីហនុ ទៅកាន់ខេត្តពីរបន្ថែមទៀត នៃប្រទេសចិន ហើយទីក្រុងណានជីង ក៏ជាគោលដៅហោះហើរត្រង់មកកាន់ខេត្តព្រះសីហនុផងដែរ។ ផ្លូវទឹកមានកំពង់ផែអន្តរជាតិចំនួន៣ ក្នុងនោះកំពង់ផែកែវផុស កំពង់ផែស្ទឹងហាវ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបច្ចុប្បន្នកំពុងធ្វើការអភិវឌ្ឍជា៣ដំណាក់កាល ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០ មានជម្រៅទឹក១៧,៥០ម៉ែត្រ អាចឱ្យនាវាដែលចរាចរណ៍លើពិភពលោកចូលចតបាន។ រាជរដ្ឋាភិបាលបានរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយចែកចេញជា ១.ការដឹកជញ្ជូន ភស្តុភាកម្ម និងឧស្សាហកម្ម ២.ទីក្រុងសមាហរណកម្ម ៣.តំបន់ទេសចរណ៍នៅតាមបណ្តាកោះ ៤.ស្រុកកំពង់សិលា ជាតំបន់ឧស្សាហកម្ម និងកសិឧស្សាហកម្ម ហើយភាពជោគជ័យរបស់អ្នកវិនិយោគ គឺជាការរីករាយរបស់រដ្ឋបាលខេត្តព្រះសីហនុ។

លោក Gao Gu Guang អនុប្រធានក្រុមហ៊ុន Development Co,Ltd បានថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ ហើយដំណើរទស្សនកិច្ចរបស់គណ:ប្រតិភូរបស់លោកមកកាន់កម្ពុជា ប្រតិភូបានទៅទស្សនកិច្ចតំបន់ផលិតស្រូវ និងការកែច្នៃគ្រាប់ស្វាយចន្ទី ប្រតិភូរបស់លោកចាប់អារម្មផ្នែកកសិកម្មនៅកម្ពុជា ហើយប្រជាជនចិន មានការពេញនិយមនូវផលិតផលកសិកម្មរបស់កម្ពុជា មានដូចជា ផ្លែធូរេន ស្វាយ ខ្នុរ ជាដើម។ ខេត្តព្រះសីហនុ ជាខេត្តមានផ្លូវគមនាគមន៍ដូចជា ផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស មាន ភាពងាយស្រួលធ្វើឱ្យភ្ញៀវទេសចរមានការរីកចម្រើន ជាពិសេសធ្វើឱ្យទំនាក់ទំនងរវាងប្រជាជនចិន និងប្រជាជនកម្ពុជាកាន់តែរីកចម្រើនថែមទៀត។ ម្យ៉ាងទៀតការជោគជ័យនៃការហោះហើរត្រង់ពីទីក្រុងណានជីង មកកាន់ខេត្តព្រះសីហនុ និងទទួលបានភ្ញៀវទេសចរកាន់តែច្រើន ដោយសារខេត្តជាំងស៊ូ មានសេដ្ឋកិច្ចធំទី២ នៃប្រទេសចិន ហើយគណ:ប្រតិភូនឹងប្តេជ្ញាចិត្តនៅពេលត្រឡប់ទៅវិញ លោកនឹងដឹកនាំអ្នកវិនិយោគចិនមកសិក្សាវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសវិនិយោគនៅខេត្តព្រះសីហនុ ។ លោកសង្ឃឹមថា នឹងទទួលបានព័ត៌មានស្តីពីការអភិវឌ្ឍលើគម្រោងឯកសារមួយចំនួនពាក់ព័ន្ធលើការអនុគ្រោះផ្នែកព័ន្ធផងដែរ។


ក្នុងឱកាសនោះ លោក Gao Gu Guang ក៏បានអញ្ជើញគណ:ប្រតិភូខេត្តព្រះសីហនុ ទៅទស្សនកិច្ចនៅទីក្រុងណានជីងនៃខេត្តជាំងស៊ូ នៅពេលណាមួយសមស្របផងដែរ៕
ដោយ ងូ សុមុនី





