ឯកឧត្ដម ឃួង ស្រេង ប្រាប់អាជ្ញាធរខណ្ឌ សង្កាត់ ត្រូវសម្រួលឯកសារផ្សេងៗ ជូនពលករត្រឡប់ពីថៃ ពេលពួកគាតមករកការងារធ្វើ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរ ខណ្ឌ សង្កាត់ ត្រូវយកចិត្តទុកដាក់ឱ្យបានល្អពាក់ព័ន្ធការត្រៀមទទួលបងប្អូនពលករដែលត្រឡប់ពីប្រទេសថៃ មកស្រុកកំណើតវិញ ជាមួយនឹងការជួយសម្របសម្រួលពេលដែលពួកគាត់ពឹងពាក់រកការងារធ្វើ ពិសេសអាជ្ញាធរខណ្ឌទាំង១៤និងកងកម្លាំងមាន សមត្ថកិច្ចទាំងបីប្រភេទ មន្ទីរចំណុះរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងកិច្ចការការពារសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយជូនបងប្អូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង បានណែនាំបែបនេះក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥។


ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា មកដល់ពេលនេះបងប្អូនពលករកម្ពុជាយើងបាន និងកំពុងសម្រុកចាកចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយគិតមកដល់ពេលនេះមានពលរដ្ឋកម្ពុជាចាកចេញពីប្រទេសថៃជាង៦០ម៉ឺននាក់ហើយ។ រដ្ឋបាលរាជធានីភ្នំពេញស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរទាំងអស់ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវយកចិត្តទុកដាក់ចំពោះជីវភាព រស់នៅរបស់ពួកគាត់ ពោលគឺនៅពេលដែលពួកគាត់មកពឹងពាក់រកការងារធ្វើ អាជ្ញាធររបស់យើងត្រូវជួយសម្របសម្រួលជូនពួកគាត់ ដោយមិនគិតពីនិន្នាការនយោបាយអ្វីទាំងអស់ ព្រោះជាឈាមជ័រដូចគ្នា។ អ្វីដែលអាជ្ញាធរមូលដ្ឋានធ្វើមិនបានត្រូវរាយការណ៍មកថ្នាក់រាជធានីភ្លាមៗ សំដៅធ្វើយ៉ាងណាឱ្យបងប្អូនប្រជាពលរដ្ឋមានភាពកក់ក្តៅជាមួយអាជ្ញាធររបស់យើង។

អាជ្ញាធរទាំង១៤ខណ្ឌក៏ត្រូវត្រៀមអាហារសម្រាប់ប្រជាពលរដ្ឋ ដែលជាពលករត្រឡប់ពីក្រៅប្រទេសមកកម្ពុជាវិញផងដែរ តាមរយៈការដាក់អ្នកប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីជួយពួកគាត់ទាំងលើបញ្ហាជីវភាព និងការជួយសម្រួលរកការងារធ្វើ ដោយមិនទុកឱ្យប្រជាពលរដ្ឋយើងឯកោនោះទេ៕
ដោយ សួស សំរិត





