អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបញ្ជាក់ជាថ្មីម្ដងទៀតថា កម្ពុជាប្រកាន់ខ្ជាប់នូវលក្ខខណ្ឌនៃបទឈប់បាញ់ដោយជ្រើសរើសយកការសន្ទនា និងកិច្ចសហប្រតិបត្តិការ ដោយមិនទទួលយកនូវការប្រឈមមុខដាក់គ្នា
AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥--លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជាបានប្រកាន់ខ្ជាប់នូវលក្ខខណ្ឌនៃបទឈប់បាញ់ដោយជ្រើសរើសយកការសន្ទនា និងកិច្ចសហប្រតិបត្តិការ ដោយមិនទទួលយកនូវការប្រឈមមុខដាក់គ្នា រួមនឹងជម្លោះឡើយ ដែលការប្រកាន់ខ្ជាប់យ៉ាងមុតមាំ របស់កម្ពុជាចំពោះកិច្ចព្រមព្រៀងនៃបទឈប់បាញ់នេះ គឺបានបង្ហាញពីការគោរពចំពោះការខិតខំប្រឹង ប្រែងដោយមិនចេះនឿយហត់របស់មិត្តអន្តរជាតិ និងបំណងប្រាថ្នារបស់កម្ពុជាក្នុងការរួមចំណែកដល់ សន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងតំបន់។ ការគូសបញ្ជាក់របស់លោកជំទាវឧត្ដមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា យ៉ាងដូច្នេះ ក្នុងឱកាសនៃការធ្វើសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានលើកឡើងថា ក្រសួងការពារជាតិនៃព្រះរាជាណាចក្រ កម្ពុជា សូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះកិច្ចព្រមព្រៀងនៃបទឈប់បាញ់ដែលធ្វើ ឱ្យសម្រេចបានតាមរយៈកិច្ចខិតខំប្រឹងប្រែងនាំមុខដោយឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដោយមានការចូលរួមយ៉ាងសកម្មពីសាធារណរដ្ឋប្រជាមានិតចិន។ លោកជំទាវបានបញ្ជាក់ថា បទឈប់បាញ់នេះបានទទួលការគាំទ្រ និង ស្វាគមន៍យ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ និងឆ្លុះបញ្ចាំងពីបំណងរួមសម្រាប់សន្តិភាពនៅក្នុងតំបន់ ហើយថាក្នុងនាមជាប្រទេសដែលមានទំនួលខុសត្រូវខ្ពស់ និងស្រឡាញ់សន្តិភាព។ ជាមួយគ្នានេះ លោកជំទាវ ឧត្តមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិក៏បានជម្រាបជូនអំពីសភាពការណ៍នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ គឺនៅតែបន្តភាពស្ងប់ស្ងាត់ដដែលរហូតមកទល់នឹងពេលនេះ តែចំពោះកងកម្លាំងប្រដាប់អាវុធរបស់យើងគឺស្ថិតនៅក្នុងការប្រុងប្រយ័ត្នខ្ពស់ដដែលក្នុងការបំពេញតួនាទីរបស់ខ្លួន ដោយគោរពយ៉ាងម៉ឺងម៉ាត់បំផុតចំពោះការអនុវត្តលើ បទឈប់បាញ់ដែលបានឯកភាពគ្នារួចមកហើយរវាងកម្ពុជា-ថៃ។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងបញ្ជាក់ផងដែរថា នៅពេលនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាកំពុងស្ថិតនៅប្រទេសម៉ាឡេស៊ីក្នុងការដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់កម្ពុជាចូលរួមកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំ ដែនទូទៅកម្ពុជា-ថៃ (GBC) ដែលមានតំណាងមកពីប្រទេសម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិនចូលរួមសង្កេតការណ៍ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)។ លោកជំទាវ ឧត្តមសេនីយ៍ឯក បានបន្ថែមថា នៅមុនកិច្ចនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ មហាម៉េត វីហ្សាំ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដោយក្នុងជំនួបនេះភាគីម៉ាឡេស៊ីបានបង្ហាញពីឆន្ទៈក្នុងការសម្របសម្រួលដើម្បីអនុវត្តបទឈប់បាញ់រវាងកម្ពុជា ថៃ ដោយជំរុញឱ្យមានការបង្កើតឡើងនូវឯកសារក្រមប្រតិបត្តិ និងឈានដល់ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ដែលនឹងក្លាយជាយន្តការនៃការតាមដានការអនុវត្តបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាពខ្ពស់ ឱ្យវិលត្រឡប់មកវិញនូវសន្តិភាពយ៉ាងឆាប់រហ័សជាទីបំផុត។
ក្នុងឱកាសនោះ លោកជំទាវ ឧត្តមសេនីយ៍ឯក អ្នកនាំពាក្យក្រសួងការពារជាតិក៏បានសង្កត់ធ្ងន់ថា ដោយក្នុងជំនួបនេះអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីបានបញ្ជាក់ឃ្លាមួយដែលប្រកបដោយអត្ថន័យគឺ «សន្តិភាពមិនអាចកាត់ថ្លៃបាន ជីវិតពិតជាមានតម្លៃ និងពេលវេលាពិតជាសំខាន់ »៕
ដោយ៖ ចាន់ សុភឿន





