រដ្ឋបាលរាជធានីភ្នំពេញបន្ដទទួលអំណោយពីសប្បុរសជន ជាសម្ភារ និងថវិកា ដើម្បីជួយវីរកងទ័ពជួរមុខ និងជនភៀសសឹក
AKP ភ្នំពេញ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥-- រដ្ឋបាលរាជធានីភ្នំពេញនៅតែបន្ដទទួលថវិកាពីសប្បុរសជន ប្រជាពលរដ្ឋ និងមន្ត្រីរាជការនៅរាជធានីភ្នំពេញ ចំនួនជាង១២ពាន់លានរៀល និងជាង៣៧ម៉ឺនដុល្លារអាមេរិក ព្រមទាំងសម្ភារ គ្រឿងឧបភោគ បរិភោគ ថ្នាំពេទ្យផ្សេងៗ ជាច្រើនមុខទៀត ដើម្បីយកទៅចែកជូនដល់វីរកងទ័ពនៅជួរមុខ និងជនភៀសសឹក ដែលសកម្មភាពនេះពិតជាបានបង្ហាញឱ្យឃើញទឹកចិត្តដ៏មុតស្រួច ពីអ្នកនៅសមរភូមិក្រោយ ប្តូរផ្តាច់ជាមួយកងទ័ពជួរមុខរបស់យើង។

លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បាន និងកំពុងបន្តទទួលនូវការបរិច្ចាគពីសប្បុរសជន សរុបចំនួន១២៦៤ ៤៦២ ៦៨៩ រៀល និង៣៧៨.២៣៨,០០ ដុល្លារ អាមេរិក ព្រមទាំងគ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ សម្ភារផ្សេងៗ ជាច្រើនមុខទៀត។

លោកស្រីបានអរគុណចំពោះទឹកចិត្តសប្បុរសធម៌របស់បងប្អូន ប្រជាពលរដ្ឋ ក្នុងស្មារតីខ្មែរជួយជាតិខ្មែរ។ សម្រាប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ មានអភិបាលរងរាជធានីភ្នំពេញ ព្រមទាំងលោកនាយក លោកនាយករង លោកស្រីនាយិការង រដ្ឋបាលរាជធានី នៅតែបន្តរងចាំទទួលអំណោយពីសប្បុរសជន ប្រជាពលរដ្ឋ និងមន្ត្រីរាជការ រហូតដល់ម៉ោង៥៖៣០នាទីល្ងាចផងដែរ។

ចំពោះអំណោយដែលសប្បុរសជននានា យកមកផ្តល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានបែងចែក និងបន្តដឹកជញ្ជូនទៅផ្សល់ជូនវីរកងទព័ជួរមុខ និងទៅឱ្យបងប្អូនប្រជាពលរដ្ឋជាជនភៀសឹក នៅទីកន្លែងសុវត្ថិភាព ជាបន្តបន្ទាប់ទៅកាន់ខេត្តព្រះវិហារ និងខេត្តឧត្ដរមានជ័យផងដែរ៕

ដោយ សួស សំរិត





