រដ្ឋបាលរាជធានីភ្នំពេញស្នើឱ្យកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវរក្សាការពារសណ្ដាប់ធ្នាប់ឱ្យបានល្អគ្រប់មណ្ឌលប្រឡងមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃ២៨-២៩សីហា ២០២៥នេះ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥-- រដ្ឋបាលរាជធានីភ្នំពេញស្នើឱ្យកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវរក្សាការពារសណ្ដាប់ធ្នាប់ឱ្យបានល្អនៅគ្រប់មណ្ឌលប្រឡងមធ្យមសិក្សាទុតិយភូមិ ដែលប្រព្រឹត្ដទៅនៅថ្ងៃទី២៨-២៩ខែសីហា ឆ្នាំ២០២៥នេះ ដែលមានចំនួន៣៥ មណ្ឌល ស្មើនិង១១៣៥បន្ទប់ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌចំនួន១២ ដែលមានបេក្ខជនសរុបចំនួន២៨១៦៥នាក់ កើនលើសឆ្នាំមុន ៣មណ្ឌល ក្រោមពាក្យស្លោក អ្នកចេះគឺជាប់។

ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានស្នើបែបនេះ ក្នុងកិច្ចប្រជុំជាមួយគណៈកម្មាធិការ មន្ទីរអប់រំ អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ច ដើម្បីរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនមណ្ឌលប្រឡងទាំង៣៥មណ្ឌល នៅរាជធានីភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្ដម កើត ឆែ ក៏បានណែនាំឱ្យសមត្ថកិច្ច ពិសេសប៉ូលីសចរាចរណ៍ ជួយសម្រួលចរាចរណ៍ ដល់សិក្សានុសិស្សដែលជាបេក្ខជនប្រឡង ដើម្បីធានាបានថា ពួកគាត់អាចមកប្រឡងបានទាន់ពេលវេលា ជាមួយនិងការលុបបំបាត់កន្លែងកូបពីនៅជិតមណ្ឌលប្រលងជាដើម។ សម្រាប់សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥នេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញមានមណ្ឌលប្រឡងសរុបចំនួន៣៥មណ្ឌល ត្រូវជា១,១៣៥បន្ទប់ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌចំនួន១២ (ខណ្ឌឫស្សីកែវ ជ្រោយចង្វារ ដូនពេញ ៧មករា ទួលគោក ចំការមន បឹងកេងកង ច្បារអំពៅ សែនសុខ ពោធិ៍សែនជ័យ មានជ័យ និងដង្កោ) ដែលមានបេក្ខជនសរុបចំនួន២៨,១៦៥នាក់ កើនលើសឆ្នាំមុនចំនួន៣មណ្ឌល។

ឯកឧត្ដមបានបន្តថា ក្នុងដំណើរការប្រឡងរយៈពេលពីរថ្ងៃគឺនៅថ្ងៃទី២៨-២៩ខែសីហា ឆ្នាំ២០២៥នេះ យើងនឹងប្រើប្រាស់បុគ្គលិកអប់រំសម្រាប់ចូលរួមគ្រប់សមាសភាពគណៈកម្មការសរុបចំនួន ៣,៥៨៥នាក់។

ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្តល់ការឧបត្ថម្ភជាថវិកាសម្រាប់ចូលរួមដំណើរការប្រឡង ជាមួយនឹងការផ្តល់ជូនកន្លែងផ្ញើកង់-ម៉ូតូសម្រាប់បេក្ខជនចំនួន៣៥មណ្ឌល ស្មើនឹង៣៥,០០០,០០០រៀល ដោយមិនតម្រូវឱ្យបេក្ខជនបង់ប្រាក់ថ្លៃផ្ញើកង់-ម៉ូតូឡើយ។ ផ្តល់ជូនកងកម្លាំងការពារមណ្ឌលប្រឡងទាំង៣៥មណ្ឌល ស្មើ ៣៥,០០០,០០០រៀល។ ផ្តល់ជូនកងកម្លាំងការពារមណ្ឌលកំណែ១១មណ្ឌល ស្មើ១៣,២០០,០០០រៀល។ ផ្តល់ជូនកងកម្លាំងការពារកន្លែងរក្សាទុកប្រធានវិញ្ញាសា១មណ្ឌល ស្មើ១,២០០,០០០រៀល។ ផ្តល់ជូនមន្ត្រីសុខាភិបាលប្រចាំតាមមណ្ឌល៣៥មណ្ឌលស្មើ៥,៦០០,០០០រៀល សរុបទឹកប្រាក់ចំនួនៈ ៩០,០០០,០០០រៀល៕
ដោយ សួស សំរិត





