សម្តេចមហាមន្ត្រី គុយ សុផល យកចិត្តទុដាក់ដល់គ្រួសារកងទ័ពនិងជនភៀសសឹក
AKP កំពង់ឆ្នាំង ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ -- សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានអញ្ជើញជួបសំណេះសំណាល និងចែកគ្រឿងឧបភោគបរិភោគដល់គ្រួសារវីរកងទ័ពជួរមុខ និងជនភៀសសឹកនៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្រ្ត រួមនិងអាជ្ញាធរមូលដ្ធានផងដែរ។

ថ្លែងក្នុងឱកាសនោះ សម្តេចមហាមន្ត្រី គុយ សុផល បានបង្ហាញយ៉ាងច្បាស់អំពីស្មារតីសាមគ្គីភាពជាធ្លុងមួយនៃមហាគ្រួសារខ្មែរតែមួយ និងការជួយគ្នាក្នុងគ្រាលំបាក ដែលបង្កឡើងពីទង្វើទុច្ចរិត និងមហិច្ចតាឈ្លានពានរបស់ថៃមកលើកម្ពុជាយើង។ រាជរដ្ឋភិបាលបានយកចិត្តទុកដាក់ក្នុងការរៀបចំទីជម្រកសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋគ្រួសារកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកដែលបានចាកចេញពីភូមិដ្ឋានដ៏កក់ក្តៅរបស់ខ្លួនដែលប្រែក្លាយជាទីតាំងផុយស្រួយបណ្តាលមកពីសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសថៃដែលរំលោភយកទឹកដីកម្ពុជាយ៉ាងកំរោល។

ទន្ទឹមនឹងនេះ សម្តេចមហាមន្ត្រីបានបន្តថា ប្រជាពលរដ្ឋនៅសមរភូមិក្រោយបានរួមសាមគ្គីយ៉ាងពេញទំហឹង ចូលរួមផ្ដល់អំណោយដល់វីរកងទ័ពជួរមុខ គ្រួសារកងទ័ព និងបងប្អូនភៀសឹក។ សូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅដល់បងប្អូន អ៊ំពូមីង តាយាយ ជាកម្លាំងគាំទ្រដ៏សកម្មនៃមហាគ្រួសារខ្មែរ ដែលបានខិតខំយ៉ាងសស្រាក់សស្រាំ និងប្រើប្រាស់គ្រប់មធ្យោបាយក្នុងការកៀរគរមូលនិធិទាំងថវិកា និងសម្ភារ ព្រមទាំងការផ្តល់កម្លាំងចិត្ តនិងសម្ភារៈផ្សេងៗជូនដល់វីរកងទ័ពជួរមុខ ជាពិសេស រៀបចំស្បៀងអាហារដោយសុទ្ធចិត្តតាមសទ្ធា តាមរយៈយន្តការផ្សេងៗគ្នា ដើម្បីផ្តល់ជូនបងប្អូនគ្រួសារកងទ័ពនិងប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅ និងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃផងដែរ។

ផ្អែកលើបរិបទនេះ សម្តេចមហាមន្ត្រី គុយ សុផល ឯកឧត្តមអភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត បានផ្ដល់អំណោយដល់បងប្អូនគ្រួសារវីរកងទ័ព ជនភៀសសឹកនិងគ្រួសារជួបការលំបាកចំនួន ១៥៣គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ ៥០គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ី ១យួរ និងថវិកា ២០ម៉ឺនរៀល៕
ដោយ៖ បៃ ស៊ីថុន





