ឯកឧត្តម នួន ផារ័ត្ន ជួបជាមួយម្ចាស់រោងម៉ាស៊ីនស្រូវនៅខេត្តកំពង់ធំ ដើម្បីស្វែងរកដំណោះស្រាយតម្លៃស្រូវជូនប្រជាកសិករ
AKP កំពង់ធំ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥-- ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានជួបជាមួយម្ចាស់រោងម៉ាស៊ីនស្រូវចំនួន១២នៅខេត្តកំពង់ធំ ដើម្បីស្វែងរកដំណោះស្រាយតម្លៃស្រូវជូនបងប្អូនប្រជាកសិករនៅសាលប្រាសាទយាយព័ន្ធ (អគារC) សាលាខេត្តកំពង់ធំ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥។

ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងថា បញ្ហាតម្លៃស្រូវគឺជាបញ្ហារួមរបស់យើងទាំងអស់គ្នានៅក្នុងខេត្តទាំងសម្រាប់បងប្អូនប្រជាកសិករ ឈ្មួញកណ្តាល មន្ត្រីជំនាញ និងគណៈអភិបាលខេត្តដែលយើងត្រូវជួបជុំគ្នាស្វែងរកដំណោះស្រាយនៅចំពោះមុខ ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលអាចកើតមានឱ្យបានទាបជាកម្រិតអប្បបរមា។ បញ្ហានេះតម្រូវឱ្យមានការគិតគូរសម្រាប់រយៈពេលមធ្យម និងរយៈពេលវែង ព្រោះវិធានការចំពោះមុខ គ្រាន់តែជាវិធានការមួយគ្រាតែប៉ុណ្ណោះ។ ដំណោះស្រាយសម្រាប់រយៈពេលមធ្យម និងរយៈពេលវែងនេះទាមទារឱ្យមានការចូលរួម និងការខិតខំប្រឹងប្រែងពីគ្រប់ភាគីទាំងអស់ រួមទាំងបងប្អូនប្រជាករសិករផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបានជំរុញដល់ម្ចាស់រោងម៉ាស៊ីនស្រូវទាំងអស់ សូមជួយប្រមូលទិញស្រូវប្រជាកសិករឱ្យទទួលតម្លៃសមរម្យដែលអាចទទួលយកបានទាំងប្រជាកសិករ និងម្ចាស់រោងម៉ាស៊ីនកិនស្រូវ៕


ដោយ ស៊ុម វណ្ណា





