ឧត្តមសេនីយ៍ទោ ហេង សុផល បានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខ និងនាំយកថវិកាប្រគល់ជូនគ្រួសារវីរយុទ្ធជនស្រុកបារាយណ៍
AKP កំពង់ធំ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥-- ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួនប្រគល់ជូនគ្រួសារវីរយុទ្ធជននៅភូមិបាក់ស្នា ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ ហេង សុផល បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ។ ថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខ សុខុមាលភាព ការប្រកបមុខរបរចិញ្ចឹមជីវិតជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមគ្រួសារបងប្អូនវីរយុទ្ធជន គ្រប់មូលដ្ឋានឃុំ-សង្កាត់ទូទាំងខេត្ត។

ឧត្តមសេនីយ៍ទោស្នងការមានប្រសាសន៍បន្តថាថ្ងៃនេះ ជាថ្ងៃលើកទី៣ហើយដែលរូបលោកបានចូលរួមរំលែកទុក្ខ និងសាកសួរទុក្ខដល់គេហដ្ឋានបងប្អូន ព្រមទាំងនាំយកនូវថវិកាមួយចំនួន ដែលជាការឧបត្ថម្ភពីសប្បុរសជន "លោក ផែង វណ្ណៈ" ប្រគល់ជូនគ្រួសារបងប្អូន ដើម្បីជួយសម្រាលចំណាយដោះស្រាយការចំណាយក្នុងជីវភាពជាប្រចាំថ្ងៃ។

ឧត្តមសេនីយ៍ទោស្នងការបានប្រគល់ថវិកា១លានរៀល ជូនក្រុមគ្រួសារវិរយុទ្ធជនពលី ក្នុងបុព្វហេតុការពារជាតិមាតុភូមិ នាពេលកន្លងមក យោធិនឈ្មោះ ឌី សេង ភេទប្រុស អាយុ៣៧ឆ្នាំ ពលីជីវិតនៅសមរភូមិមុខនៅភ្នំទ្រព្យ។ឧត្តមសេនីយ៍ស្នងការ បានលើកទឹកចិត្ត ដល់បងប្អូនសូមបន្តយកចិត្តទុកដាក់ក្នុងការបង្កបង្កើនផល ចិញ្ចឹមសត្វ ដាំដំណាំបន្លែ ផ្លែឈើ តាមក្រុមគ្រួសារនីមួយៗ ដើម្បីលើកស្ទួយជីវភាពឱ្យកាន់តែប្រសើរឡើង។

ឧត្តមសេនីយ៍ទោ ហេង សុផល បានផ្ដាំផ្ញើដល់បងប្អូន បើជួបការលំបាក ឬបញ្ហាប្រឈម ដោយប្រការណាមួយ សូមទំនាក់ទំនងមកថ្នាក់ដឹកនាំអង្គភាព ស្នងការដ្ឋាននគរបាល អធិការដ្ឋាននគរបាលស្រុក ឬប៉ុស្តិ៍នគរបាលរដ្ឋបាលដើម្បីថ្នាក់ដឹកនាំ មានមូលដ្ឋានជួយអន្តរាគមន៍ ដោះស្រាយជូនបងប្អូន បានទាន់ពេលវេលា។
សូមបញ្ជាក់ថា នាពេលថ្មីៗកន្លងទៅនេះ ឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តបាននាំយកថវិកាដែលជាការឧបត្ថម្ភពីលោក ផែង វណ្ណៈ ប្រគល់ជូនដល់គេហដ្ឋានក្រុមគ្រួសារវិរយុទ្ធជនពលី ក្នុងបុព្វហេតុការពារជាតិមាតុភូមិ៖ ១. យោធិនឈ្មោះ ជួង លាប ភេទប្រុស អាយុ៤៤ ឆ្នាំ ពលីជីវិតនៅសមរភូមិមុខប្រាសាទតាមាន់ធំ ថវិកា១លានរៀល។ ២. យោធិនឈ្មោះ ប៊ូ ផូ អាយុ៤៦ឆ្នាំ ពលីនៅសមរភូមិមុខភ្នំទ្រព្យ ថវិកា១លានរៀល។ ៣. យោធិនឈ្មោះពេជ្រ ង៉ោល ភេទប្រុស អាយុ៣២ឆ្នាំ ពលីនៅសមរភូមិមុខចំណុចភ្នំទ្រព្យ ថវិកា១,៥លានរៀល និង៤. យោធិនឈ្មោះ ញ៉ាត ឈីន ភេទប្រុស អាយុ៣៣ឆ្នាំពលីនៅសមរភូមិមុខចំណុចភ្នំទ្រព្យ ថវិកា១,៥លានរៀល៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ ស្នងការនគរបាលខេត្តកំពង់ធំ)





