មន្ដ្រីជាន់ខ្ពស់រាជធានីភ្នំពេញស្នើឱ្យសមាជិកក្រុមប្រឹក្សាសង្កាត់ទាំងអស់ត្រូវសាមគ្គីភាពគ្នាដើម្បីបម្រើផលប្រយោជន៍ជូនប្រជាលរដ្ឋក្នុងនាមជាឪពុកម្ដាយ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥-- មន្ដ្រីជាន់ខ្ពស់រាជធានីភ្នំពេញស្នើឱ្យសមាជិកក្រុមប្រឹក្សាសង្កាត់ទាំងអស់ ត្រូវសាមគ្គីភាពគ្នា ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាលរដ្ឋ ក្នុងនាមជាឪពុកម្ដាយ។ ឯកឧត្ដម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានស្នើបែបនេះ ខណៈឯកឧត្ដមអញ្ជើញជាអធិបតីតំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងរដ្ឋបាលសង្កាត់ សម្រាប់ក្រុមប្រឹក្សាសង្កាត់ទាំង១០៥នៃរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។

ឯកឧត្ដម កើត ឆែ បានបញ្ជាក់ថា ស្ថិតក្នុងស្ថានការណ៍បច្ចុប្បន្នដែលអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានសត្រូវសៀមឈ្លានពានយ៉ាងគឃ្លើន ខ្ញុំសូមឱ្យអ្នកទាំងអស់គ្នាត្រូវប្តេជ្ញាចិត្ដរួមគ្នា ប្រកបដោយឆន្ទៈ និងស្មារតីខ្ពស់ ដើម្បីបម្រើផលប្រយោជន៍ជូនពលរដ្ឋ និងរួមគ្នាជាមួយរាជរដ្ឋាភិបាល និងកងកម្លាំងដ៏អង់អាចនៃយើង ការពារខឿនអធិបតេយ្យ បូរណភាពទឹកដី និងខ្សែបន្ទាត់ព្រំដែន តាមរយៈវប្បធម៌នៃសាមគ្គីភាព និងការចែករំលែក សមរភូមិក្រោយ ជួយសមរភូមិមុខ និងសមរភូមិមុខការពារ សមរភូមិ ក្រោយអភិវឌ្ឍ។ ជាពិសេស យើងត្រូវថ្កោលទោសដល់ក្រុមជនអគតិក្រៅច្បាប់មួយក្តាប់តូច ដែលតែងតែចិញ្ចឹមចិត្តបំផ្លាញមាតុភូមិរបស់យើង និងសូមអំពាវនាវឱ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្តវិធានការច្បាប់ ឱ្យបានតឹងរ៉ឹងបំផុតលើក្រុមទាំងនោះ។ ការបើកវត្តបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់ក្រុមប្រឹក្សាសង្កាត់ រាជាធានីភ្នំពេញ នៅពេលនេះ មានគោលបំណង ដើម្បីពង្រឹង និងលើកកម្ពស់ ការអនុវត្តតួនាទី ភារកិច្ច និងសិទ្ធិអំណាចរបស់ក្រុមប្រឹក្សាសង្កាត់ឱ្យ មានប្រសិទ្ធភាពស្របតាមច្បាប់ ព្រះ រាជក្រឹត្យ អនុក្រឹត្យ ប្រកាស និង លិខិបទដ្ឋានជាធរមាន។

ឯកឧត្ដម កើត ឆែ បានបញ្ជាក់ថា ចំណេះដឹងពិតជាមានសារៈសំខាន់ ដូចពាក្យស្លោកពោលថា៖ រៀនហើយ រៀនទៀត រៀនពេញមួយជីវិត ព្រោះថាសង្គមជាតិមានការវិវត្ត តួយ៉ាងបច្ចេកវិទ្យា ដូច្នេះ ប្រសិនបើយើងមិនខិតខំរៀនសូត្រ ឬស្វែងយល់ទេនោះ គឺពិតជាប៉ះពាល់ដល់ប្រសិទ្ធ ភាពការងារ ជាក់ជាមិនខាន។ហើយវគ្គនេះក៏ មានគោលបំណង ដើម្បីពង្រឹងសមត្ថភាពសិក្ខាកាមឱ្យបំពេញ ការងារបានល្អប្រសើរ ជៀសវាងការប្រព្រឹត្តខុសច្បាប់។

ឯកឧត្ដម កើត ឆែ បានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក្នុងនីតិកាលទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយទស្សនវិស័យទំនើបរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងបានយកចិត្តទុកដាក់ខ្ពស់លើការរៀបចំ និងអភិវឌ្ឍសមត្ថភាព ក្រុមប្រឹក្សានៅថ្នាក់មូលដ្ឋាន ការបន្តវិភាជន៍ថវិកាជាគុណប្រយោជន៍ដល់មូលនិធិសង្កាត់ សម្រាប់អភិវឌ្ឍមូលដ្ឋាន ព្រមទាំងការដាក់ឱ្យដំណើរការយន្តការច្រកចេញចូលតែមួយនៅថ្នាក់សង្កាត់ និងរៀបចំឱ្យមានជំនួយការហិរញ្ញវត្ថុសង្កាត់ផងដែរ៕
ដោយ សួស សំរិត





