រោងទងទី៣ផ្នែកខាងលិចរបស់ប្រាសាទតាព្រហ្មត្រូវបានជួសជុលរួចរាល់ជាស្ថាពរ
AKP សៀមរាប ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥-- រោងទងទី៣ផ្នែកខាងលិចរបស់ប្រាសាទតាព្រហ្មត្រូវបានបញ្ចប់ការជួសជុលរួចរាល់ជាស្ថាពរ ដែលការជួសជុលនេះស្ថិតនៅក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) និងជួសជុលទៅតាមអនុសាសន៍របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក។

លោក Chitranjan Kumar អ្នកស្រាវជ្រាវបុរាណវិទ្យាជនជាតិឥណ្ឌា និងជាប្រធានគ្រប់គ្រងការដ្ឋានជួសជុលនៅប្រាសាទតាព្រហ្ម បានឱ្យដឹងនារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ថា ការជួសជុលរោងទងទី៣ ទិសខាងលិចរបស់ប្រាសាទតាព្រហ្មនេះបានប្រព្រឹត្តទៅអស់រយៈពេល៨ខែ ពោលគឺចាប់ពីខែមករា ឆ្នាំ២០២៥ និងបញ្ចប់នៅខែសីហា ឆ្នាំ២០២៥នេះ។

លោក Chitranjan Kumar បានឱ្យដឹងទៀតថា មុនពេលជួសជុលទីតាំងនេះមានបញ្ហាប្រឈមនិងការខូចខាតធ្ងន់ធ្ងរដូចជា ថ្មបានហែកចេញខ្លាំងនៅផ្នែកខឿន សសរ ជញ្ជាំង ដំបូល ធ្នឹម ដែលទាមទារឱ្យធ្វើការជួសជុលពង្រឹងជាបន្ទាន់ ទៅតាមអនុសាសន៍របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក។ ហើយការជួសជុលតម្រូវឱ្យរុះរើថ្មមួយចំនួនដែលហែកញែកចេញពីគ្នាមិនមានលំនឹងនោះចេញរួចហើយ ត្រូវរៀបបញ្ចូលទៅទីតាំងដើមឡើងវិញ។ ចំណែកឯថ្មដែលរលុះធ្លាក់មួយចំនួន ក៏ត្រូវបានយកទៅដាក់នៅទីតាំងដើមវិញដែរ។ហើយផ្នែកខ្លះត្រូវបានប្រើប្រាស់ថ្មថ្មីដើម្បីពង្រឹងរចនាសម្ព័ន្ធជំនួសថ្មចាស់។

គួរជម្រាបជូនថា ក្រោយពីបញ្ចប់ការជួសជុលរចនាសម្ព័ន្ធរោងទងទី៣នេះ ទាំងសំណង់ប្រាសាទ និងភ្ញៀវទេសចរ នឹងលែងមានបញ្ហាប្រឈមនិងគ្រោះថ្នាក់ទៀតហើយ គឺមានតែធ្វើឱ្យរោងទងទី៣ កាន់តែមានភាពសោភ័ណភាព និងទាក់ទាញបន្ថែមទៀតនៅក្នុងប្រាសាទតាព្រហ្ម៕
ដោយ ហង្ស សៀក





