រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា៖ ការការពារប្រទេសជាតិ ការការពារព្រំដែន មិនមែនជារឿងតូចតាចទេ ហើយក៏មិនអាចបំភ្លៃព័ត៌មានបាននោះទេ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ -- ឯកឧត្ដមនាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងការពារជាតិបានគូសបញ្ជាក់ថា ការការពារប្រទេសជាតិ ការការពារព្រំដែន មិនមែនជារឿងតូចតាចទេ ហើយក៏មិនអាចបំភ្លៃព័ត៌មានបាននោះទេ គ្មានថ្នាក់ដឹកនាំណាដែលយកប្រជាជនខ្លួនជាខែល ឬជាឈ្នាន់ ដើម្បីការពារផលប្រយោជន៍ខ្លួន ដូចថ្នាក់ដឹកនាំក្បត់ជាតិមួយចំនួន ដែលរស់ស្រួល ដេកស្រួល នៅក្រៅប្រទេសនោះទេ។ ការគូសបញ្ជាក់របស់ឯកឧត្ដម នាយឧត្ដមសេនីយ៍នេះ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនារសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥។

ឯកឧត្ដមនាយឧត្ដមសេនីយ៍ ទៀ សីហា មានប្រសាសន៍ថា ប្រជាជនខ្មែរ មានវិជ្ជាជីវៈ កុំនាំប្រទេសជាតិ ធ្លាក់ក្នុងថ្លុកសង្គ្រាម ដូចអតីតកាលទៀត។ ឯកឧត្ដមនាយឧត្ដមសេនីយ៍បានថ្លែងថា៖ «ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិឱ្យបានជ្រាបថា តាំងពីថ្ងៃទី២៨ ខែកក្កដា មកដល់ពេលនេះ កងកម្លាំងរបស់យើងបានរក្សាការពារប្រទេស ប្រកបដោយភាពអត់ធ្មត់ជាទីបំផុត ដើម្បីអនុវត្តន៍បទឈប់បាញ់ ចៀសវាងការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធម្តងទៀត ដែលនឹងនាំឱ្យមានការខាតបង់ទាំងទ្រព្យសម្បត្តិ ទាំងបាត់បង់សាច់ញាតិបងប្អូន ប្រជាជន និងកងកម្លាំងយើង»។

ឯកឧត្ដមនាយឧត្ដមសេនីយ៍បានលើកឡើងថា តើបងប្អូនមានបានកត់សម្គាល់ដែរឬទេ ថាកងកម្លាំងយើងមិនប្រដាប់អាវុធ នៅទីតាំងកើតហេតុ (ឃុំអូរបីជាន់)នោះទេ គឺយើងប្តេជ្ញាចិត្តអនុវត្តន៍បទឈប់បាញ់ឱ្យមានប្រសិទ្ធិភាព។ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ឧបនាយករដ្ឋមន្រ្ដីក៏សូមបងប្អូនជនរួមជាតិយោគយល់ពីទឹកចិត្តកងកម្លាំងយើងនៅទីនោះ និងរួមគ្នាអត់ធ្មត់ដើម្បីប្រយោជន៍ជាតិយើងទាំងមូល។ ឯកឧត្ដមនាយឧត្ដមសេនីយ៍បានបញ្ជាក់ថា យើងនៅសល់កិច្ចប្រជុំវិសាមញ្ញ RBC រវាងយោធភូមិភាគទី៤ និងយោធភូមិភាគទី២(ថៃ) នៅថ្ងៃទី២៧ ខែសីហានេះ និងកិច្ចប្រជុំ GBC នៅរាជធានីភ្នំពេញ នៅថ្ងៃទី០៩-១០ ខែកញ្ញាខាងមុខនេះទៀត។

ពាក់ព័ន្ធនឹងការផ្សព្វផ្សាយ និងការឆ្លើយតបរបស់ក្រសួងការពារជាតិនោះដែរ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ទៀ សីហា បានបញ្ជាក់បន្ថែមថា អ្នកនាំពាក្យក្រសួងការពារជាតិ មានពេលវេលាផ្សាយតាមការកំណត់ មួយថ្ងៃពីរដង (ពេលព្រឹកម៉ោង៧ និងពេលល្ងាចម៉ោង៤) ដើម្បីសរុបហេតុការណ៍ដែលបានកើតឡើងតាមបណ្តាព្រំដែន កិច្ចប្រជុំ ដំណើរការអនុវត្តបទឈប់បាញ់ ព្រមទាំងព័ត៌មានកងទ័ពផ្សេងៗទៀត ។ ទន្ទឹមនេះ ក៏មានអ្នកនាំភ្លើងមួយក្រុម បានយកការផ្សាយរបស់ក្រសួងការពារជាតិ ត្រឹមតែមួយជ្រុងមកបំភាន់ខ្លឹមសាររួម៖ «ក្រសួងការពារជាតិបានផ្សាយថាសភាពការណ៍មានភាពស្ងប់ស្ងាត់នៅតាមព្រំដែន...... តែប្រជាជនបង្ហោះថាកំពុងប៉ះទង្គិចជាមួយទាហានថៃ រឿងពង្រាយបន្លាលួសចូលមកដីប្រជាជន....... សាធារណជន «មិនដឹងត្រូវជឿខាងណា?» ទាក់ទងនឹងការលើកឡើងនេះ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ក៏សូមពិនិត្យ និងពិចារណា ដោយក្រសួងការពារជាតិ ផ្សាយពីសភាពការណ៍ ពីម៉ោង១២:00យប់ ដល់ម៉ោង៦នាទីព្រឹក មានស្ថានភាពស្ងប់ស្ងាត់។ ជាក់ស្តែងការប៉ះទង្គិច រវាងប្រជាជន និងយោធាថៃ ពាក់ព័ន្ធនឹងរឿងបន្លាលួស នៅវេលាម៉ោង ២:២០នាទីរសៀល ជាមួយគ្នានោះអាជ្ញាធរខេត្តបន្ទាយមានជ័យ ព្រមទាំងកងកម្លាំងមានសមត្ថកិច្ច ឈរជើងចូលរួមដោះស្រាយ។ ថ្ងៃដដែលគ្នានោះ ផេកក្រសួងការពារជាតិ ក៏បានចេញផ្សាយភ្លាមចំនួចពីរដង។

ត្រង់ចំណុចនេះ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ទៀ សីហា បានសង្កត់ធ្ងន់ថា តើក្រសួងការពារជាតិលាក់ព័ត៌មានត្រង់ណា??? បើសិនថតរូបភាព និងវិឌីអូកន្លែងកើតហេតុ ថតតែប្រជាជន យើងនឹងឃើញតែប្រជាជន តែបើថតមួយជ្រុងទៀត យើងនឹងឃើញទាំងអភិបាលខេត្ត និងអាជ្ញាធរខេត្ត ព្រមទាំងកងកម្លាំងនៅការពារព្រំដែន ទឹកដី និងការពារបងប្អូនប្រជាជនដែលកំពុងតវ៉ាលើទីតាំងដីរបស់ខ្លួន៕
ដោយ៖ ប៊ុនរិទ្ធ





