គម្រោងរេដបូកកែវសីមាលើកកម្ពស់ប្រពៃណី វប្បធម៌របស់សហគមន៍ជនជាតិដើមភាគតិច
AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥-- គម្រោងរេដបូកកែវសីមាលើកកម្ពស់ប្រពៃណី វប្បធម៌របស់សហគមន៍ជនជាតិដើមភាគតិច តាមរយៈការកំណត់ទីតាំងអភិរក្សបេតិកភណ្ឌវប្បធម៌ និងធម្មជាតិរបស់សហគមន៍ជនជាតិដើមភាគតិចព្នង ដែលរស់នៅក្នុង និងជុំវិញដែនជម្រកសត្វព្រៃកែវសីមា។ នេះបើតាមការឱ្យដឹងពីអង្គការ WCS នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥។
ដែនជម្រកសត្វព្រៃកែវសីមាជាតំបន់ការពារធម្មជាតិដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលបានកំពុងអនុវត្តគម្រោង រេដបូក នៅក្នុងភូមិគោលដៅចំនួន២០ ដែលគ្រប់គ្រង និងអនុវត្តដោយក្រសួងបរិស្ថាន តាមរយៈការគាំទ្រផ្នែកបច្ចេកទេសពីអង្គការសមាគមអភិរក្សសត្វព្រៃ WCS Cambodia។ ភូមិចំនួន១៧ ទទួលបានលិខិតទទួលស្គាល់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចព្នងពីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបានចុះបញ្ជីជានិតិបុគ្គលនៅក្រសួងមហាផ្ទៃ ក្នុងនោះ សហគមន៍ជនជាតិដើមភាគតិចព្នង ចំនួន៧ភូមិ បានទទួលវិញ្ញាបនបត្រសម្គាល់កម្មសិទ្ធិសមូហភាពសហគមន៍ ដែលរួមមាន៖ ភូមិអណ្តូងក្រឡឹង ភូមិពូត្រុំ ភូមិអូរណា ភូមិអូរច្រា ភូមិស្រែល្វី ភូមិហ្គាទី និងភូមិស្រែខ្ទុម។


គម្រោងរេដបូក កែវសីមាមានគោលដៅធ្វើឱ្យប្រសើរឡើងនូវការអភិរក្សប្រព័ន្ធជីវៈចម្រុះ លើកកម្ពស់ការចូលរួមរបស់សហគមន៍ជនជាតិដើមភាគតិច ព្រមទាំងធានាសិទ្ធិជាប្រពៃណីស្របតាមច្បាប់ ដូច្នេះការធានាសុវត្ថិភាពដីសាធារណៈ និងដីសហគមន៍ គឺជាមូលដ្ឋានគ្រឹះនៃការអភិរក្ស និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ជនជាតិដើមភាគតិចរាប់ពាន់នាក់បាន និងកំពុងរស់នៅ ប្រកបរបរធ្វើស្រែ ចម្ការ និងប្រមូលអនុផលព្រៃឈើ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃកែវសីមាតាំងពីយូរលង់ណាស់មកហើយ ដែលសកម្មភាពទាំងនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រព័ន្ធអេកូឡូស៊ី សង្គម សេដ្ឋកិច្ច និងបរិស្ថាន។ ទំនាក់ទំនងនេះបានបង្កប់នូវអត្តសញ្ញាណ វប្បធម៌ និងទំនៀមទម្លាប់ផ្សាជ្ជាប់ទៅនឹងការប្រើប្រាស់ដីធ្លី ធនធានធម្មជាតិ និងការអភិរក្សជាលក្ខណៈប្រពៃណី ដែលនេះជាតឹកតានបង្ហាញពីគុណតម្លៃ នៃធនធានវប្បធម៌ដ៏សំបូរបែបរបស់ជនជាតិដើមភាគតិចព្នង។

ក្នុងឆ្នាំ២០២៥នេះ ក្រុមការងារគម្រោងរេដបូកកែវសីមាបានសម្របសម្រួលជាមួយក្រុមការងារនាយកដ្ឋានតំបន់បេតិកភណ្ឌនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន និងក្រុមការងារបច្ចេកទេសចុះបញ្ជីដីរដ្ឋថ្នាក់ខេត្ត បានធ្វើការចុះផ្សព្វផ្សាយ និងកំណត់ទីតាំងតំបន់អភិរក្សបេតិកភណ្ឌវប្បធម៌ និងធម្មជាតិរបស់សហគមន៍ជនជាតិដើមភាគតិចព្នងដែលរស់នៅក្នុងភូមិចំនួនបី រួមមាន៖ ភូមិក្មូម ភូមិអណ្តូងក្រឡឹង និងភូមិពូត្រុំ ដែលស្ថិតនៅក្នុងខេត្តមណ្ឌលគិរី។ សកម្មភាពនេះធ្វើឡើងក្នុងគោលបំណង សិក្សា និងកំណត់ទីតាំងតំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិ ជាព្រៃអារក្ស ឬព្រៃតម ព្រៃកប់ខ្មោច ទីតាំងប្រវត្តិសាស្ត្រ របស់សហគមន៍ជនជាតិដើមភាគតិច ព្នង ដើម្បីបន្តនីតិវិធីចុះបញ្ជីដីរដ្ឋ ក្នុងគោលដៅជំរុញ និងលើកកម្ពស់ការអភិរក្សប្រពៃណី ទំនៀមទម្លាប់របស់ជនជាតិដើមភាគតិចដែលរស់នៅក្នុង និងជុំវិញដែនជម្រកសត្វព្រៃកែវសីមា។


ជាលទ្ធផល ក្រុមការងារពាក់ព័ន្ធបានចុះកំណត់ទីតាំងតំបន់បេតិកភណ្ឌវប្បធម៌ និងធម្មជាតិរបស់សហគមន៍ជនជាតិដើមភាគតិចព្នង ចំនួន១១ទីតាំង នៅភូមិក្មូម ៣៦ទីតាំង នៅភូមិអណ្តូងក្រឡឹង និង ១៥ទីតាំង នៅភូមិពូត្រុំ។ ក្រុមការងារអង្គការសមាគមអភិរក្សសត្វព្រៃ WCS នឹងបន្តចុះផ្សព្វផ្សាយ និងកំណត់ទីតាំងតំបន់អភិរក្សបេតិកភណ្ឌវប្បធម៌ និងធម្មជាតិរបស់សហគមន៍ជនជាតិដើមភាគតិចព្នងនៅភូមិចំនួនពីរបន្ថែមទៀត ដែលរួមមាន៖ ភូមិស្រែអណ្តោល និងភូមិពូគង់៕
ដោយ ណយ នឿន (ប្រភព៖ WSC)





