អ្នកស្ម័គ្រចិត្តសហគមន៍ថ្មីពីររូបជាអ្នកអង្កេតាមដានទីវាលប្រចាំតំបន់ការពារទេសភាពបឹងព្រែកល្ពៅ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ -- មានអង្គការជីវិតធម្មជាតិនៅកម្ពុជាសូមស្វាគមន៍ អ្នកស្ម័គ្រចិត្តសហគមន៍ចំនួន២រូប គឺលោក ហោ ចន្ថា និងលោក បុង ជេត្តា ដែលជាប្រជាពរដ្ឋរស់នៅក្នុងស្រុកបូរីជលសារ ខេត្តតាកែវ ដែលបានស្ម័គ្រចិត្តចូលបម្រើការងារជាអ្នកអង្កេតាមដានទីវាលប្រចាំនៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ដែលស្ថិតនៅស្រុកបូរីជលសា និងកោះអណ្ដែត ខេត្តតាកែវ។

មន្ត្រីអង្គការ NatureLife បានឱ្យដឹងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ថា លោកទាំងពីររូបនឹងត្រូវចូលរួមរាល់ការដឹកនាំ និងសហការជាមួយឧទ្យានុរក្សនាតំបន់ការពារនេះក្នុងអនុវត្តសកម្មភាពលើទីវាលមួយចំនួនដូចជាការអង្កេត និងរាប់ចំនួនសត្វស្លាប ការកម្ចាត់រុក្ខជាតិទន្ទ្រាន ការស្ដារទីជម្រកនិងគ្រប់គ្រងទឹក ការអប់រំផ្សព្វផ្សាយ ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន នៅតំបន់ការពារទេសភាពបឹងព្រែកល្ពៅនេះ។

ការចូលរួមនេះគឺដើម្បីកសាងធនធានមនុស្សឱ្យបានកាន់តែច្រើនសម្រាប់វិស័យអភិរក្ស និងការការពារបរិស្ថាន អង្គការជីវិតធម្មជាតិនៅកម្ពុជាបានបើកវគ្គបណ្ដុះបណ្ដាលជូនពួកគាត់ដូចជា សិទ្ធិ តួនាទី និងការគ្រប់គ្រងតំបន់ការពារ ការកំណត់អត្តសញ្ញាណសត្វស្លាប ការប្រើប្រាស់ឧបករណ៍ទីវាលដូចជាGPS Avenza Map ការប្រើប្រាស់SMART Mobileដើម្បីប្រមូលទិន្នន័យ និងការរាយការណ៍បឋមជាដើម៕


ដោយ ណយ នឿន (ប្រភព៖ NatureLife)





