រដ្ឋមន្ត្រីក្រសួងអប់រំប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉នឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦-- កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាល័យឥន្ទ្រទេវី ដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាទាំង២៥ រាជធានី-ខេត្ត។


ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) នេះ គឺជាជំហានយុទ្ធសាស្ត្រថ្មីមួយក្នុងការធ្វើបរិវត្តកម្មឌីជីថលលើវិស័យអប់រំនៅកម្ពុជា ដើម្បីជួយកាត់បន្ថយគម្លាតគុណភាពអប់រំរវាងតំបន់ទីប្រជុំជន និងតំបន់ដាច់ស្រយាល តាមរយៈការផ្ដល់ឱកាសដល់សិស្សានុសិស្សឱ្យទទួលបាននូវចំណេះដឹង និងវិធីសាស្ត្របង្រៀនតាមស្ដង់ដាពីគ្រូឧទ្ទេសដែលមានបទពិសោធន៍ខ្ពស់ក្នុងពេលជាក់ស្ដែង ទោះបីជាស្ថិតនៅទីកន្លែងផ្សេងគ្នាក៏ដោយ។ ឯកឧត្តមបណ្ឌិតសភាចារ្យបានបន្តថា ដើម្បីឱ្យការកែលម្អសាលារៀន និងប្រព័ន្ធអប់រំជារួមទទួលបានជោគជ័យ គឺចាំបាច់ត្រូវផ្ដោតលើការរួមផ្សំនៃកត្តាសំខាន់ៗចំនួន៥ រួមមាន៖ ១. ការចូលរួមគាំទ្រពីរាជរដ្ឋាភិបាល ២. ហេដ្ឋារចនាសម្ព័ន្ធល្អ ៣. ភាពជាអ្នកដឹកនាំរបស់នាយកសាលា ៤. សមត្ថភាពវិជ្ជាជីវៈរបស់គ្រូបង្រៀន និង ៥. ការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្ស។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ឱ្យក្រុមការងារចុះជួយសាលាឥន្ទ្រទេវី និងសាលារៀនគោលដៅបន្តកិច្ចសហការជាមួយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីពង្រីកវិសាលភាពនៃវិធីសាស្ត្របង្រៀនបែបថ្មីតាមស្ដង់ដាសាលារៀនជំនាន់ថ្មី (NGS)។ បន្ថែមពីនេះ ត្រូវជំរុញឱ្យមានការផលិតវីដេអូមេរៀនឱ្យបានទូលំទូលាយសម្រាប់គ្រូ និងគរុសិស្ស ព្រមទាំងរៀបចំកម្មវិធីបំប៉នបន្ថែមដល់សិស្សថ្នាក់ទី៩ ដល់ទី១១ នៅតាមសាលាគោលដៅ ដើម្បីធានាឱ្យបាននូវអត្រាសិស្សជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខ្ពស់ជាងមធ្យមភាគថ្នាក់ជាតិ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡាទាំង២៥ រាជធានី-ខេត្ត ឱ្យបន្តផ្សព្វផ្សាយ និងជំរុញដល់សិស្សានុសិស្សទូទាំងប្រទេសឱ្យបង្កើនការធ្វើស្វ័យសិក្សា និងទាញយកប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល ដូចជាការរៀនតាមរយៈ Live Teaching និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីជាឧបករណ៍ជំនួយដ៏មានប្រសិទ្ធភាពក្នុងការរៀនសូត្រ និងពង្រឹងសមត្ថភាពភាសាបរទេសរបស់ខ្លួនដោយបានគូសបញ្ជាក់ថា ការរួមបញ្ចូលគ្នារវាងការខិតខំប្រឹងប្រែងរបស់សិស្ស ជាមួយនឹងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងការរៀនតាមបែប Live Teaching នឹងជួយត្រៀមលក្ខណៈឱ្យសិស្សានុសិស្សកម្ពុជាគ្រប់រូបមានសមត្ថភាពពេញលេញ ក្នុងការប្រកួតប្រជែងក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល និងចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍធនធានមនុស្សសម្រាប់អនាគតជាតិ៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





