រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ កម្ពុជាកំពុងប្រឹងប្រែងលើកកម្ពស់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ឌីជីថល
AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥--លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា កម្ពុជាបាន និងកំពុងខិតខំប្រឹងប្រែងលើកកម្ពស់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មឌីជីថល ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាលកាលទី១ និងចក្ខុវិស័យរបស់កម្ពុជាក្នុងការក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។

ការលើកឡើងរបស់លោកជំទាវ ចម និម្មល ដូចនេះ ក្នុងពិធីបើកវេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ ដែលបានធ្វើឡើងជាលើកទី២ នៅសាលបុរីកោះពេជ្រ ក្នុងរាជធានីភ្នំពេញ ក្រោមមូលបទ “កសាងអនាគតកម្ពុជា តាមរយៈពាណិជ្ជកម្មឌីជីថល” នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពីអង្គទូត ធុរជនជាតិ អន្តរជាតិ និងវិស័យឯកជនជាច្រើន។

លោកជំទាវរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញលើកនេះ បង្កើតឡើងដើម្បីផ្តល់ការគាំទ្រលើហេដ្ឋារចនាសម្ព័ន្ធ និងចំណេះដឹងផ្នែកឌីជីថល ការផ្សព្វផ្សាយអំពីក្របខ័ណ្ឌគោលនយោបាយ ការធ្វើពិពិធកម្មទីផ្សារសម្រាប់ផលិតផលកម្ពុជា ដោយការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការពង្រឹងសមត្ថភាពរបស់វិស័យឯកជន ភាគីពាក់ព័ន្ធសំខាន់ៗ ក្នុងពាណិជ្ជកម្មឌីជីថល និងបច្ចេកវិទ្យាដែលកំពុងរីកចម្រើនឥតឈប់ឈរ ជាពិសេសការលើកកម្ពស់សុវត្ថិភាពប្រព័ន្ធអនឡាញ ព្រមទាំងការលើកកម្ពស់ជំនឿទុកចិត្តរបស់អ្នកប្រើប្រាស់លើពាណិជ្ជកម្មឌីជីថល។

លោកជំទាវរដ្ឋមន្រ្តីលើកឡើងថា ដើម្បីចូលរួមចំណែកកសាងអនាគតកម្ពុជា តាមរយៈពាណិជ្ជកម្មឌីជីថល ក្រសួងពាណិជ្ជកម្ម បាន និងកំពុងបន្តខិតខំធ្វើបរិវត្តកម្មឌីជីថល តាមរយៈការដាក់ឱ្យប្រើប្រាស់សេវាធារណៈសំខាន់ៗ តាមថ្នាលអនឡាញ/ថ្នាលស្វ័យប្រវត្តិកម្ម ដែលក្នុងនោះរួមមាន ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីពាណិជ្ជកម្ម ប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់ស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ប្រព័ន្ធស្វ័យប្រវត្តិកម្មស្នើសុំចុះបញ្ជីកម្មសិទ្ធិបញ្ញា និងការតម្កល់លិខិតជូនដំណឹងនៃប្រតិបត្តិការដែលមានកិច្ចធានាជាដើម។
លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មមានសុទិដ្ឋិនិយមថា អ្នកចូលរួមនឹងទទួលបានការណែនាំ និងអភិបាលកិច្ចសម្រាប់ក្រមសីលធម៌នៃពាណិជ្ជកម្មអនឡាញ(AI & E-Commerce) ការកើនឡើងនៃទីផ្សារវៃឆ្លាត និងដំណើរឆ្ពោះទៅសកល ក៏ដូចជាបង្កើនការយល់ដឹងទៅលើការពង្រីកអាជីវកម្មទៅកាន់ទីផ្សារអន្តរជាតិសម្រាប់វិស័យ (SME) ការជឿទុកចិត្តរបស់អតិថិជន អត្តសញ្ញាណឌីជីថល និងរបៀបបង្កើនប្រាក់ចំណូលជាមួយបណ្តាញសង្គម ព្រមទាំងការដាក់តាំងបង្ហាញនូវផលិតផល និងសេវាកម្មនានាតាមស្តង់ និងតាមរយៈថ្នាលបច្ចេកវិទ្យាឌីជីថលកាន់តែផុសផុល និងមានសុវត្ថិភាព៕
ដោយ៖ ចាន់ សុភឿន





