បទយកការណ៍៖ រយៈពេលជិត៣ឆ្នាំនេះ មានត្រីជាង១០០ប្រភេទ ដែលបានធ្វើការបម្លាស់ទីតាមជណ្តើរត្រីនៅទំនប់ស្លែង ក្នុងភូមិសាស្រ្តស្រុកក្រឡាញ់ ខេត្តសៀមរាប
AKP សៀមរាប ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥--
ប្រព័ន្ធធារាសាស្ត្រ និងវិស័យជលផល គឺបានរួមចំណែកយ៉ាងសំខាន់ដល់មុខរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាន។ ជាក់ស្តែងជណ្តើរត្រីទំនប់ស្លែង ដែលស្ថិតនៅក្នុងភូមិស្លែង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានស្ថាបនាឡើងក្នុងឆ្នាំ២០២២-២០២៣ គឺសាងសង់ដើម្បីជួយដល់ការផ្លាស់ទីរបស់ត្រី ក្រោមជំនួយហិរញ្ញវត្ថុរបស់រដ្ឋាភិបាល អូស្ត្រាលី និងក្រោមកិច្ចសហប្រតិបត្តិការបន្តរបស់ ACIAR និង DFAT ព្រមទាំងសាកលវិទ្យាល័យ Charles Sturt ។

មន្រ្ដីជំនាញនៃរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ការសាងសង់ជណ្តើរត្រីនេះគឺមានសារៈសំខាន់ និងផ្តល់អត្ថប្រយោជន៍ជាច្រើន សម្រាប់ត្រីហែលឡើងចុះបានដោយសេរី ជួយដល់ការផ្លាស់ទីរបស់ត្រីជាច្រើនប្រភេទដែលមានរហូតដល់ជាង១០០ ប្រភេទ ហើយត្រូវផ្លាស់ទីទៅកាន់តំបន់ផ្សេងៗគ្នា ដើម្បីស្វែងរកអាហារ និងកន្លែងពងកូន ឬជម្រកថ្មីរបស់ត្រី។


លោក តុប ចាន់អូន អនុប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ទឹកសាបនៃរដ្ឋបាលជលផល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ថា នៅក្នុងរយៈពេលជិត៣ឆ្នាំដែលបានកសាងជណ្តើរត្រីទំនប់ស្លែងមក គឺមានត្រីប្រមាណជាង១០០ប្រភេទ ដែលបានធ្វើការបម្លាស់ទីតាមជណ្តើរត្រីទៅកាន់តំបន់ផ្សេងៗ ហើយត្រូវបានអ្នកជំនាញការអូស្ត្រាលីទទួលស្គាល់ថា ជាជណ្តើរត្រីដែលជោគជ័យក្នុងតំបន់អាស៊ី។
ការថ្លែងរបស់លោកអនុប្រធានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ទឹកសាបបែបនេះ បានធ្វើឡើងនៅពេលដែល ក្រុមការងារគណៈកម្មការនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល គណៈកម្មាការទន្លេមេគង្គជាតិ រួមជាមួយអាជ្ញាធរស្រុកក្រឡាញ់ និងមន្រ្តីជំនាញមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាបបានចុះធ្វើការត្រួតពិនិត្យចាប់កូនត្រីដើម្បីធ្វើការសិក្សាស្រាវជ្រាវអំពីប្រភេទត្រី គឺសិក្សាទៅលើប្រភេទត្រី អម្បូរត្រី ថាតើមានប៉ុន្មានប្រភេទដែលបានឆ្លងកាត់ជណ្ដើរត្រីនៃការបម្លាស់ទីរបស់ត្រីតាមរយៈជណ្តើរត្រីទំនប់ស្លែង ដែលស្ថិតនៅក្នុងឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។


លោក តុប ចាន់អូន បានលើកឡើងថា ជណ្តើរត្រី គឺសាងសង់ឡើងនៅកន្លែងទំនប់ ឬប្រព័ន្ធធារាសាស្ត្រ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ត្រីឆ្លងកាត់ឧបសគ្គហើយ ជណ្តើរត្រីមានសារៈសំខាន់ និងផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា ធ្វើជា "ផ្លូវ" សម្រាប់ត្រីហែលឡើងចុះបានដោយសេរី ជួយដល់ការផ្លាស់ទីរបស់ត្រីជាច្រើនប្រភេទដែលត្រូវផ្លាស់ទីទៅកាន់តំបន់ផ្សេងៗគ្នា ដើម្បីស្វែងរកអាហារ កន្លែងពងកូន ឬជម្រកថ្មី ហើយអភិរក្សធនធានជលផល ដោយសារជណ្តើរត្រីជួយឱ្យត្រីអាចបន្តវដ្តជីវិតរបស់វាបាន។ លោកបានថ្លែងបញ្ជាក់ថា៖ ជណ្ដើរត្រី វាក៏ជួយការពារ និងរក្សាបាននូវចំនួនត្រីនៅក្នុងធម្មជាតិ ជាពិសេសប្រភេទត្រី ដែលធ្វើដំណើរផ្លាស់ទីតាមរដូវកាល ព្រមទាំងមានសារៈសំខាន់ណាស់ក្នុងការការពារកុំឱ្យប្រភេទត្រីក្នុងស្រុកមានការថយចុះផងដែរ។ បើតាមការស្រាវជ្រាវឃើញថា ទាំងផ្នែកខាងលើ និងខាងក្រោមជណ្តើរត្រី ឃើញថា មានប្រភេទត្រីសម្បូរបែប»។


ជាមួយគ្នានេះ លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ ខេត្ដសៀមរាបបានប្រាប់ឱ្យដឹងដែរថា ជណ្តើរត្រីទំនប់ស្លែងនេះគឺបានផ្តល់សារៈសំខាន់ខ្លាំងណាស់សម្រាប់ឱ្យត្រីគ្រប់ប្រភេទអាចឡើងពងកូន នៅតាមតំបន់ផ្សេងៗបាន ហើយនៅពេលត្រីបន្តពូជបានច្រើន ត្រីនឹងមានចំនួនកើនឡើងវិញក្នុងធម្មជាតិ។ លោកអភិបាលស្រុកបានបន្ដថា ដូច្នេះ ការកើនឡើងនៃចំនួនត្រី គឺមានន័យថាប្រជាជនដែលប្រកបរបរនេសាទអាចចាប់បានត្រីកាន់តែច្រើន ហើយពួកគាត់ក៏អាចលក់បានប្រាក់ចំណូលកាន់តែច្រើនផងដែរ។


លោក សុខ ណារ៉េត បានបន្ថែមថា៖ «ជណ្ដើរត្រីមិនត្រឹមតែជាការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ តែវាជាការវិនិយោគដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ និងថែរក្សាធនធានជលផលធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយ ហើយនៅពេលត្រីក្នុងធម្មជាតិមានច្រើន ប្រជាពលរដ្ឋមិនចាំបាច់ចំណាយប្រាក់ច្រើនដើម្បីទិញត្រីយកមកហូបនោះទេ»។ លោកអភិបាលស្រុកបានបញ្ជាក់ទៀតថា ក្នុងនាមអាជ្ញាធរស្រុកក្រឡាញ់ ក៏សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍន៍នានា ដែលបានជួយទំនុកបម្រុងការអភិរក្សធនធានធម្មជាតិ ជាពិសេសធនធានជលផលនេះ ដែលធ្វើ ឱ្យមូលដ្ឋានរបស់លោករឹតតែមានធនធានត្រី សម្រាប់ផ្តល់នូវអាហារបរិភោគដល់ប្រជាជននៅក្នុងមូលដ្ឋាន។ លោកសង្ឃឹមថា តាមរយៈជណ្តើរត្រីនេះ នឹងធ្វើឱ្យធនធានជលផលនៅក្នុងមូលដ្ឋានឃុំស្រណាល នឹងកើនឡើង ជាពិសេសប្រភេទត្រីដែលត្រូវជិតផុតពូជវាអាចនឹងត្រូវបានកើនឡើងវិញ។
លោកអភិបាលស្រុកក៏បានអះអាងផងដែរថា៖ «ដោយសារឃើញពីភាពជោគជ័យនៃជណ្តើរត្រីនេះ ខ្ញុំក៏ស្នើសុំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងដៃគូពាក់ព័ន្ធទាំងអស់ ជួយបង្កើតជណ្តើរត្រីនេះ នៅតំបន់ផ្សេងៗទៀតរបស់ស្រុកក្រឡាញ់»។


សូមជម្រាបជូនផងដែរថា ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងស្លែងនេះ បានឱ្យដឹងដែរថា ការកសាងជណ្តើរត្រីទំនប់ស្លែងនេះឡើង គឺពិតជាបានផ្តល់ប្រយោជន៍ច្រើនសម្រាប់ពួកគាត់ ដោយទី១ សម្បូរត្រី ទី២ទប់ទឹកសម្រាប់ប្រាស់ និងស្រោចផលដំណាំ ដែលនេះហើយជាអ្វី សម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានកំពុងតែត្រូវការនោះ៕
ដោយ៖ ឃុត សៅ





