ផ្លូវតុលាការ ដែលកំពុងរងការខូចខាតត្រូវបាន ឯកឧត្តម សៀង ណាំ ជួយជួសជុលឡើងវិញ
AKP សៀមរាប ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥–
ផ្លូវតុលាការ ដែលមានប្រវែងជិត៣គីឡូម៉ែត្រ ចេញពីផ្លូវបេតុងសម្តេច ជា ស៊ីម ទៅដល់មុខ ប៉ុស្តិ៍សង្កាត់ជ្រាវ ស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដែលរងការខូចខាត ត្រូវបានជួសជុលឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិក្សានុសិស្សទៅសាលារៀន។

ប្រជាពលរដ្ឋនៅមូលដ្ឋាន ក្នុងសង្កាត់ជ្រាវ ក៏ដូចជា ប្រជាពលរដ្ឋ ដែលត្រូវបានធ្វើដំណើរលើផ្លូវមួយខ្សែនេះ បានបង្ហាញនូវការរីករាយ និងក្តីអំណរយ៉ាងខ្លាំង ចំពោះការចូលមកជួយដោះស្រាយបញ្ហាផ្លូវមួយខ្សែនេះ របស់អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធ ជាពិសេស ឯកឧត្តម អ្នកឧក ញ៉ាបណ្ឌិត សៀងណាំ ដែលបានជួយជួសជុល ធ្វើឱ្យស្ថានភាពធ្វើដំណើរទៅមក កាន់តែងាយស្រួល។

ការជួសជុលផ្លូវនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ដែលមានគោលបំណងធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពប្រសើរជួយកាត់ បន្ថយការលំបាក ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ថែមទាំងអាចជួយ លើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់។ គួរបញ្ជាក់ផងដែរថា ផ្លូវ តុលាការមួយខ្សែនេះ គឺខាងអាជ្ញាធរខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការជួសជុល ផ្លូវដែលខូចនេះ ទៅជាផ្លូវចាក់បេតុង នៅក្នុងឆ្នាំ២០២៦ ឆាប់ៗ នេះផងដែរ៕
ដោយ៖ ឃុត សៅ





