លោកអភិបាលរងខេត្តព្រះសីហនុ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុកព្រៃនប់
AKP ព្រះសីហនុ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥–
លោក ឯម ភាព អភិបាលរង នៃគណៈអភិ បាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃសុក្រទី១២ ខែកញ្ញា ឆ្នាំ២០២៥ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណ:អភិបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីប្រធានមន្ទីរ អង្គភាព លោកប្រធានក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ មេប៉ុស្តិ៍រដ្ឋបាល ។

តាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលលេខ ៨៣៤៥ប្រក សម្រេចតែងតាំងលោក ស៊ុន សុភាព ឋានន្តរស័ក្តអនុមន្ត្រីថ្នាក់លេខ១ ឱ្យចូលកាន់មុខតំណែងជាអភិបាលរង នៃគណ:អភិបាលស្រុកព្រៃនប់ ។
លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានធ្វើការសំណេះសំណាល ដោយគូសបញ្ជាក់ថា ការប្រកាសសមាសភាពអភិបាលរង នៃគណៈអភិបាលស្រុកព្រៃនប់នាពេលនេះ គឺជាការបង្គ្រប់រចនាសម្ព័ន្ធនៅតាមក្រុង ស្រុក ក្នុងខេត្តព្រះសីហនុ ស្របតាមការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១» ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាពក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ សំដៅលើកកម្ពស់ប្រសិទ្ធភាព ប្រសិទ្ធផល និងការងារគ្រប់គ្រងឱ្យកាន់តែប្រសើរ ព្រមទាំងជួយ សម្រួលពន្លឿន និងពង្រឹងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែល្អ ឆ្លើយតបបានទាន់ពេលវេលាតាមតម្រូវការនានាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដោយអនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថ្នាក់នាំខេត្តព្រះសីហនុ ផ្តល់សេចក្តីទុកចិត្តតែងតាំងមុខតំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកព្រៃនប់ ដើម្បីចូលរួមចំណែកដឹកនាំរដ្ឋបាលស្រុកឱ្យទទួលជោគជ័យ និងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

លោក អភិបាលរងខេត្តព្រះសីហនុ បានធ្វើការកោតសរសើរ និងវាយតម្លៃចំពោះរដ្ឋបាលស្រុកព្រៃនប់ កងកម្លាំងប្រដាប់អាវុធ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋបានចូលរួមសហការគ្នាយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈប្រកបដោយសុវត្ថិភាព និងសម្រេចបាននូវសមិទ្ធផលជាច្រើនជាការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយអនុវត្តតាមការណែនាំរបស់រដ្ឋបាលខេត្ត និងសហការយ៉ាងស្អិតរមួតជាមួយមន្ទីរ អង្គភាពជំនាញក្នុងការលើកកម្ពស់គុណភាព នៃការផ្តល់សេវាសាធារណៈ និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋប្រកបដោយភាពជាម្ចាស់ និងស្មារតីទទួលខុសត្រូវ។
ក្នុងឱកាសនោះ លោកអភិបាលរងខេត្តព្រះសីហនុ បានធ្វើការណែនាំដល់លោកអភិបាលរងដែលទើបតែងតាំងថ្មី ត្រូវធ្វើជាសេនាធិការឱ្យអភិបាលស្រុក ក្នុងការបម្រើសេវា ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល តាមរយៈការគោរពឱ្យបានខ្ជាប់ខ្ជួននូវតួនាទី និងភារកិច្ចរបស់ខ្លួនដោយការទំនួលខុសត្រូវ ប្រកបដោយមនសិការវិជ្ជាជីវៈ និងបន្តខិតខំប្រឹងប្រែងធ្វើការងាររៀបចំផែនការ និងចក្ខុវិស័យ ដើម្បីអភិវឌ្ឍន៍អង្គភាពរបស់ខ្លួន ត្រូវពង្រឹងកិច្ចប្រតិបត្តិការជាមួយគ្រប់មន្ទីរ-អង្គភាព រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ឱ្យបានកាន់តែល្អប្រសើរ និងពង្រឹងសមត្ថភាពជំនាញរបស់ខ្លួនទាំងផ្នែកទន់ និងរឹងឱ្យបានល្អ និងត្រូវអនុវត្តឱ្យបាននូវអភិក្រមរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនាពីរគឺ “កែទម្រង់ខាងក្នុង” និង “បង្កើតមិត្តខាងក្រៅ” ដោយស្មារតីឯករាជ្យ និងម្ចាស់ការទទួលខុសត្រូវ៕

ដោយ៖ ងូ សុមុនី





