ប្រធានសហព័ន្ធកីឡាប្រដាល់គុណខ្មែរថា ៖ប្រកួតប្រដាល់គុនខ្មែរ មិត្តភាព កម្ពុជា អាម៉េរិក ចិន និង ម៉ាឡេស៊ី គឺជាការថ្លែងអំណរគុណដល់ប្រទេសជាមិត្តទាំង៣ដែលបានខិតខំជំរុញពីបទឈប់បាញ់
AKP សៀមរាប ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥–
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរ មិត្តភាព កម្ពុជា អាម៉េរិក ចិន និង ម៉ាឡេស៊ី នៅទីតាំងមុខអង្គរវត្តនាព្រឹកថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ ២០២៥នេះ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុណខ្មែរ បានថ្លែងថា ការរៀបចំការប្រកួតប្រដាល់គុណខ្មែរ មិត្តភាព កម្ពុជា អាម៉េរិក ចិន និង ម៉ាឡេស៊ី នៅក្នុងខេត្តសៀមរាប គឺក្នុងគោលបំណងថ្លែងអំណរគុណដល់ប្រទេសជាមិត្តទាំង៣ដែលបានខិតខំជំរុញពីបទឈប់បាញ់ជាបន្ទាន់ដែលនាំមកនៅសុខសន្តិភាពជាថ្មីម្តងទៀតដល់ប្រជាជន និងកងទ័ពយើងនៅតាមបណ្តោយព្រំដែន ហើយក៏ដើម្បីពង្រឹងចំណងមិត្តភាព សាមគ្គីភាពមួយប្រទេសជាមិត្តដែលមានប្រទេសអាម៉េរិក ចិន ម៉ាឡេស៊ីនេះឱ្យកាន់តែស្អិតរមួតថែមទៀត ហើយព្រមទាំងជំរុញឱ្យការអភិវឌ្ឍវិស័យកីឡាប្រដាល់គុណខ្មែរនៅគ្រប់បណ្តាប្រទេសទាំងអស់កាន់តែមានភាពស្វាហាប់ និងលើកកម្ពស់កីឡាគុនខ្មែរឲ្យកាន់តែល្បីល្បាញលើឆាកអន្តរជាតិផងដែរ ។

ឯកឧត្តម ខូវ ឆាយ បន្តថា ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរ មិត្តភាព កម្ពុជា អាម៉េរិក ចិន និង ម៉ាឡេស៊ីនេះរៀបចំឡើងដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានសហការជាមួយរដ្ឋបាលខេត្តសៀមរាប ដែលនិងធ្វើការប្រកួតនៅថ្ងៃទី ១៣ -១៤ ខែកញ្ញា នេះនៅវេលាម៉ោង៧យប់ ហើយក៏ជាការបើកឱកាសឲ្យកីឡាករខ្មែរបានផ្លាស់ប្តូរបទពិសោធន៍ជាមួយកីឡាករបរទេសដែលសុទ្ធសឹងតែជាកីឡាករខ្លាំងប្រចាំប្រទេសរៀងៗខ្លួន ហើយព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ មិត្តភាពអន្តរជាតិនេះ គឺជាផ្នែកមួយនៃការជំរុញវិស័យកីឡាប្រដាល់របស់កម្ពុជា ហើយវាក៏បានបង្ហាញពីការរីកចម្រើននៃកីឡាគុនខ្មែរទៅកាន់ពិភពលោកផងដែរ ៕

ដោយ៖ ឃុត សៅ





