អាជ្ញាធរខេត្តកំពង់ឆ្នាំងផ្តាំផ្ញើដល់សមត្ថកិច្ច កម្លាំងប្រជាការពារ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតាមមូលដ្ឋាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
AKP កំពង់ឆ្នាំង ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥-- លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានជំរុញឱ្យអាជ្ញាធរក្រុងស្រុក និងមន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ត្រូវចុះរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវសាធារណៈឱ្យបានស្អាតល្អ និងសហការជាមួយសមត្ថកិច្ច ត្រូវរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានល្អក្នុងឱកាសបុណ្យភ្ជំបិណ្ឌ ប្រពៃណីខ្មែរ។

ក្នុងឱកាសអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧ នៅវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ស្ថិតក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ លោកស្រីបានលើកឡើងទៀតថា ដើម្បីរួមចំណែកក្នុងការជួយថែរក្សាទំនៀមទម្លាប់ ប្រពៃណីព្រះពុទ្ធ សាសនាឱ្យកាន់តែរុងរឿងរីកចម្រើនបន្ថែមទៀត ជារៀងរាល់ឆ្នាំនៅក្នុងរដូវនៃពីធីបុណ្យដាក់បិណ្ឌភ្ជុំបិណ្ឌ ប្រជាពលរដ្ឋរួមទាំងមន្ត្រីរាជការ តែងតែអញ្ជើញចូលរួម ធ្វើបុណ្យធ្វើទាន ជាមួយពុទ្ធបរិស័ទព្រមទាំងបាននាំយកនូវគ្រឿងសក្ការបូជា មានទៀនធូប ផ្កាភ្ញី បូជាចំពោះព្រះពុទ្ធអង្គ និងព្រះរតនត្រ័យ និងទេយ្យទាន មានគ្រឿងឧបភោគ បរិភោគ ជាច្រើនមុខ រួមនិងបច្ច័យ យកមក ប្រគេនព្រះសង្ឃ និង រាប់បាត្រ បង្សុកូល ដើម្បីធ្វើបុណ្យឧទ្ទិសកុសល ដល់បុព្វការីជន ជីដូនជីតា ញាតិការទាំង៧ សណ្តាន ដែលបានចែកឋានទៅកាន់បរិលោកខាងមុខ សូមឱ្យមកទទួលនូវផល្លានិសង្ឃ ដែលកូន ចៅបានឧទ្ទិសជូនតាមរយៈព្រះសង្ឃ នាបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឱ្យបាន ទៅសោយសុខ នៅទីស្ថាន បរមសុខគ្រប់ៗជាតិ។ មួយចំណែកនៃកុសលផលបុណ្យនេះ ក៏សូមឧទ្ទិសជូនចំពោះដូងវិញ្ញាណក្ខន្ធ អ្នក ស្នេហាជាតិគ្រប់ជំនាន់ដែលបានបូជាអាយុជីវិត ក្នុងបុព្វហេតុការពារនិងកសាងជាតិមាតុភូមិ និងប្រជាជន សូមឱ្យដួងវិញ្ញាណក្ខន្ធ អ្នកទាំងនោះចាប់កំណើតកើតក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ទន្ទឹមនឹងនេះលោកស្រីក៏បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសណាក់អតីតសម្តេចប្រមុខរាជរដ្ឋាភិបាល និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជាដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុករបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង សុខទុក្ខរបស់ប្រជាពលរដ្ឋគឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។ បច្ចុប្បន្នរាជរដ្ឋភិបាលនៃព្រះរាជានាចក្រកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍឥតឈប់ឈរ តាំងពីក្រុងដល់ជនបទ ដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ និងសមិទ្ធផលផ្សេងៗទៀត។ ក្រៅពីនេះបានចូលរួមលើកកម្ពស់ កម្រិតជីវភាពប្រជាពលរដ្ឋបានកាន់តែប្រសើរឡើងផងដែរ៕


ដោយ បៃ ស៊ីថុន





