ឯកឧត្តម ម៉ាង ស៊ីណេត ចុះពិនិត្យតំបន់សហគមន៍អេកូទេសចរណ៍ព្រែកកោងកាង ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង
AKP ព្រះសីហនុ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្ត្រី ចុះពិនិត្យតំបន់សហគមន៍អេកូទេសចរណ៍ព្រែកកោងកាង ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥។
លោក ស្រេង ហៃសុខ ប្រធានសហគន៍អេកូទេសចរណ៍ព្រែកកោងកាង បានឱ្យដឹងថា សហគមន៍ព្រែកកោងកាងបានចាប់ផ្តើមដំណើរការកាលពីថ្ងៃទិ១៨ ខែកុម្ភៈ ឆ្នាំ២០២០ លើផ្ទៃដីចំនួន ៤០ហិកតា ក្នុងគោលបំណងបង្កើតឱកាសការងារ និងមុខរបរជូនបងប្អូនប្រជាពលរដ្ឋនៅលើកោះ។ ទន្ទឹមនោះយើងបានបង្កើតការងារជូនប្រជាពលរដ្ឋបានច្រើន និងមួយផ្នែកទៀតសម្រាប់ការដឹកជញ្ជូនភ្ញៀវទេសចរលើតំបន់កោះ ហើយមកដល់បច្ចុប្បន្ននេះ មានភ្ញៀវទេសចរមកលេងកម្សាន្តតំបន់អេកូទេសចរណ៍ព្រែកកោងកាងក្នុងមួយថ្ងៃប្រមាណជា ១០០នាក់។ ភ្ញៀវភាគច្រើនជាជនបរទេសចម្រុះជាតិសាសន៍ នៅតំបន់អេកូទេសចរណ៍ព្រែកកោងកាង។ យើងបានរៀបចំហេដ្ឋារចនាសម្ព័ន្ធជាច្រើនមានដូចជា ផែកាយ៉ាក់ ភ្ញៀវអាចជិះទូកកាយ៉ាក់កម្សាន្តនៅតាមព្រែកកោងកាងគយគន់ទេសភាពព្រៃកោងកាង យើងមានផែទូក ភ្ញៀវជិះទូកក្បូនតូចៗតាមដងព្រែក និងមានក្បូនអាហារបន្ថែមទៀត។ ក្រៅពីផែទូកកាយ៉ាក់ ផែក្បូន ផែអាហា ផែកាហ្វេ យើងមានផែឈើប្រវែង ១ ៣៥០ម៉ែត្រ សម្រាប់ឱ្យភ្ញៀវទេសចរដើរកម្សាន្តមើលព្រៃកោងកាង និងមានអាហារដ្ឋានសហគមន៍ជាច្រើនកន្លែងបងប្អូនអាចមកទទួលទានអាហារនៅសហគមន៍ព្រែកកោងកាង។


លោកប្រធានសហគមន៍អេកូទេសចរណ៍ព្រែកកោងកាងបានបញ្ជាក់ថា សហគមន៍បានយកចិត្តទុកដាក់ លើសំណល់ថង់ប្លាស្ទិក ដោយធ្វើការបំផុសគំនិតប្រជាពលរដ្ឋនៅក្នុងសហគមន៍ឪ្យចូលរួមស្រឡាញ់បរិស្ថាន អនាម័យជាចម្បង ទោះបីប្លាស្ទិកមកតាមរយៈភ្ញៀវទេសចរក្តី តាមរយៈអាកាសធាតុក្តី គឺយើងរួមគ្នាសម្អាតជាប់ជាប្រចាំ យើងម្នាក់ៗត្រូវមានមនសិការរួមគ្នាសម្អាតបរិស្ថាន។
លោកប្រធានសហគមន៍ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកោះរ៉ុង កំភ្លេចសហគមន៍អេកូទេសចរណ៍ព្រែកកោងកាង ហើយការមកលេងកម្សាន្តនៅសហគមន៍អូកូទេសចរណ៍ព្រែកកោងកាង បងប្អុនមិនខកបំណងនោះទេ ដោយការស្វាគមន៍ ក៏ដូចជាតំបន់ទេសចរណ៍ធម្មជាតិមានភាពស្រស់ស្អាត និងភាពទាក់ទាញផងដែរ។


ក្នុងឱកាសចុះពិនិត្យតំបន់អេកូទេសចរណ៍ព្រែកកោងកាង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានគាំទ្រការបង្កើតសហគមន៍អេគូទេសចរណ៍ព្រែកកោងកាងនេះ ជួយបង្កើនមុខរបជូនដល់បងប្អូនប្រជាពលរដ្ឋនៅលើកោះឱ្យមានជីវភាពកាន់តែល្អប្រសើរឡើងថែមទៀត។ ទន្ទឹមនោះត្រូវគិតគូរពីបរិស្ថានបៃតង ជាពិសេសបំផុសប្រជាពល រដ្ឋដាំដុះព្រៃកោងកាងឱ្យបានកាន់តែច្រើន និងបៃតងមានភាពទាក់ទាញ ក្រៅពីនោះត្រូវបង្កើតនូវវត្ថុអនុស្សាវរីយប្រចាំតំបន់ឱ្យបានកាន់តែច្រើនប្រភេទ សម្រាប់លក់ជូនភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅតំបន់អេកូទេសចរណ៍ព្រែកកោងកាង ម្យ៉ាងទៀតចំពោះអនាម័យ បរិស្ថាន ក៏ជាកត្តាមួយសំខាន់ណាស់ផងដែរ ក្នុងការចូលរួមបង្កើននូវភ្ញៀវទេស ចរក្នុងស្រុក ក៏ដូចជាភ្ញៀវទេសចរបរទេសមកកាន់ក្រុងកោះរ៉ុង ព្រោះក្រៅពីតំបន់ឆ្នេរ យើងនៅមានតំបន់ទេសចរណ៍ព្រែកកោងកាងដែលមានទេសភាពល្អស្អាតសម្រាប់ភ្ញៀវជាតិ អន្តរជាតិ៕

ដោយ ងូ សុមុនី





