ឯកឧត្តម ប្រាក់ សុខុន ថ្លែងអំណរគុណអង្គការយូណេស្កូ ដែលបានផ្តល់ជំនួយបច្ចេកទេសដល់កម្ពុជាក្នុងការការពារ និងអភិរក្ស ប្រាសាទព្រះវិហារ ដែលបានទទួលរងនូវការប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែង អំណរគុណចំពោះអង្គការយូណេស្កូ ដែលបានផ្តល់ជំនួយបច្ចេកទេសដល់កម្ពុជាក្នុងការការពារ និងអភិរក្ស ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលបានទទួលរងនូវការប៉ះពាល់ដោយសារ ជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ។

ការលើកឡើងរបស់ឯកឧត្តមបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុង ជំនួបសម្តែងការគួរសម និងជម្រាបលារបស់ឯកឧត្តម Sardar Umar Alam តំណាងអង្គការយូណេស្កូ ប្រចាំកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ពីជំហរនូវការប្តេជ្ញាចិត្តមោះមុតរបស់កម្ពុជា ដើម្បីបន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជាមួយអង្គការយូណេស្កូ នាពេលខាងមុខ និងបានកោតសរសើរ ឯកឧត្តម Sardar Umar Alam ចំពោះកិច្ចខិតខំប្រឹងប្រែង និងបន្តគាំទ្រកម្ពុជា ជាពិសេស ក្នុងការជំរុញអាទិភាពអភិវឌ្ឍន៍របស់កម្ពុជា លើវិស័យអប់រំ វប្បធម៌ បរិស្ថាន និងការអភិរក្សសម្បត្តិបេតិកភណ្ឌ។

ឯកឧត្តម Sardar Umar Alam បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ផ្ទាល់ ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងអំឡុងបេសកកម្មការងាររបស់ឯកឧត្តមនៅកម្ពុជា ដែលនាំមកនូវសមិទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងការពង្រឹងប្រព័ន្ធអប់រំ ការលើកកម្ពស់សន្តិភាពនិងការអភិវឌ្ឍដោយចីរភាព ព្រមទាំង ការអភិរក្សបេតិកភណ្ឌវប្បធម៌។
ឯកឧត្តមក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការរួមចំណែករបស់អង្គការយូណេស្កូ ក្នុងការធ្វើឱ្យ ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជាមានភាពប្រសើរឡើង។
គួរបញ្ជាក់ថាក្នុងពិធីនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏ បានចូលរួមអបអរសាទរ ឯកឧត្តម Sardar Umar Alam ដែលត្រូវបានតែងតាំងជានាយកប្រចាំតំបន់សម្រាប់រដ្ឋប៉ាស៊ីហ្វិករបស់អង្គការយូណេស្កូ និង បានជូនពរ ឯកឧត្តម ទទួលបានជោគជ័យជាបន្តក្នុងភារកិច្ចថ្មី និងការងារនាពេលអនាគត៕
ដោយ៖ មករា





