សត្វស្លាប ៤២ប្រភេទកត់ត្រាដោយក្រុមល្បាតស្រ្តី នៅតំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥-- ក្រុមល្បាតស្រ្តីនៃសហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង កំពុងចូលរួមយ៉ាងសកម្មក្នុងការអង្កេតតាមដានជីវចម្រុះ និងការការពារធនធានធម្មជាតិរបស់សហគមន៍ និងតំបន់រ៉ាមសារស្ទឹងសែន នៃបឹងទន្លេសាប។ ក្នុងកិច្ចសហការជាមួយគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង និងមន្រ្តីឧទ្យានុរក្សតំបន់រ៉ាមសារស្ទឹងសែន ក្រុមល្បាតស្រ្តីបានចូលរួមល្បាតរួមជាប្រចាំ ដើម្បីអង្កេតតាមដានជីវចម្រុះ និងទប់ស្កាត់បទល្មើសធនធានធម្មជាតិ។

ប្រភពពីអង្គការ NatureLife បានឱ្យដឹងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ថា កាលពីខែសីហា ឆ្នាំ២០២៥ ក្រុមល្បាតសហគមន៍ បានកត់ត្រានូវសត្វស្លាបទឹកចំនួន ៤២ ប្រភេទនៅសហគមន៍តំបន់ការពារធម្មជាតិទួលនាងសាវផ្លូវហ្លួង។ ក្នុងនោះមានប្រភេទជិតរងការគំរាមកំហែងចំនួន ៣ ប្រភេទ រួមមានត្រដក់ធំ (Greater Adjutant) អកត្រីក្បាលប្រផេះ (Grey-headed Fish Eagle) និងចាបពូកទ្រូងលឿង (Asian Golden Weaver)។ លទ្ធផលនេះបានបង្ហាញពីសារៈសំខាន់នៃការចូលរួមរបស់សហគមន៍ក្នុងការអភិរក្សធនធានធម្មជាតិ។


ក្រៅពីការតាមដានជីវចម្រុះ សកម្មភាពនេះក៏ជួយលើកកម្ពស់ការយល់ដឹង និងការបង្កើនសមត្ថភាពស្រ្តី និងយុវជនផងដែរ ដែលពួកគាត់ជាអ្នករងឥទ្ធិពលខ្លាំង និងទទួលផលប្រយោជន៍ដោយផ្ទាល់ពីការអភិរក្ស។ ការចូលរួមសកម្មរបស់ពួកគាត់បាននឹងកំពុងជួយបង្កើតនូវជំនាញ និងបង្កើនភាពជាម្ចាស់ ដែលអាចធានានូវការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងយូរអង្វែង។ សូមអំណរគុណចំពោះ Critical Ecosystem Partnership Fund ដែលបានគាំទ្រលើសកម្មភាពនេះ៕
ដោយ ណយ នឿន (ប្រភព៖ NatureLife)





