ក្រុមអ្នកសង្កេតការណ៍អន្តរកាលអាស៊ាន ចុះត្រួតពិនិត្យបន្ទាន់នៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ ក្រោយការប៉ះទង្គិចគ្នាដ៏ធ្ងន់ធ្ងរ
AKPបន្ទាយមានជ័យ ថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ២០២៥ -- ក្រុមអ្នកសង្កេតការណ៍អន្តរកាលអាស៊ាន (AIT) បានចុះទៅដល់ទីតាំងកើតហេតុភ្លាមៗនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ ដើម្បីត្រួតពិនិត្យដោយផ្ទាល់លើស្ថានការណ៍ដ៏តានតឹង ដែលបានបង្កឡើងដោយការប៉ះទង្គិចគ្នាប្រដាប់អាវុធរវាងកងទ័ពថៃ និងប្រជាពលរដ្ឋ កងទ័ព ព្រមទាំងព្រះសង្ឃខ្មែរ បណ្ដាលឱ្យមានអ្នករងរបួសសរុប ២៧ នាក់។

យោងតាមសេចក្ដីប្រកាសរបស់ឯកឧត្ដម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា ការប៉ះទង្គិចគ្នាបានកើតឡើងកាលពីរសៀលថ្ងៃដដែល ខណៈដែលកងទ័ពថៃប្រដាប់ដោយអាវុធ និងឧបករណ៍បង្រ្កាបហិង្សាបានចូលមកតំបន់នេះដើម្បីរាយបន្លាលួសបន្ថែមទៀត។ គោលបំណងរបស់ពួកគេ គឺដើម្បីព័ទ្ធយកដីដែលប្រជាពលរដ្ឋខ្មែរបានរស់នៅ និងអាស្រ័យផលតាំងពីយូរលង់មកហើយ។
ឯកឧត្តមបានបញ្ជាក់ថា កងទ័ពថៃបានប្រើប្រាស់ហ្គាសបង្ហូរទឹកភ្នែក គ្រាប់កាំភ្លើងជ័រ (កៅស៊ូ) និងគ្រាប់បែកផ្សែងបាញ់មកលើប្រជាពលរដ្ឋខ្មែរដែលបានចេញមកតវ៉ាការពារដីធ្លីរបស់ខ្លួន។ លើសពីនេះ ពួកគេក៏បានប្រើប្រាស់ឧបករណ៍បាញ់សំឡេងដែលមានកម្រិតខ្ពស់ ដែលអាចប៉ះពាល់ដល់ប្រព័ន្ធសោតវិញ្ញាណ និងខួរក្បាលផងដែរ។

ជាលទ្ធផល នៃការប្រើប្រាស់អំពើហិង្សានេះ បានបណ្ដាលឱ្យមានអ្នករងរបួសសរុប ២៧ អង្គ/នាក់ រួមមានទាំងកងទ័ព ព្រះសង្ឃ និងប្រជាពលរដ្ឋ។ ក្នុងចំណោមអ្នករងរបួស ខ្លះបានសន្លប់ និងខ្លះទៀតរងរបួសធ្ងន់ និងស្រាល។ ករណីនេះបានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់ប្រជាជាតិកម្ពុជាទាំងមូល។
រាជរដ្ឋាភិបាលកម្ពុជាតាមរយៈអ្នកនាំពាក្យរបស់ខ្លួន បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើហិង្សាដែលបានបង្កឡើងដោយកងទ័ពថៃ ដោយចាត់ទុកថាជាទង្វើឈ្លានពាន និងរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់បូរណភាពទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា។
បេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អន្តរកាលអាស៊ាននៅយប់នេះ គឺដើម្បីប្រមូលទិន្នន័យ និងព័ត៌មានជាក់ស្ដែងនៅទីតាំងកើតហេតុ ព្រមទាំងពិនិត្យមើលស្ថានភាពរបស់ជនរងគ្រោះ ដើម្បីរៀបចំរបាយការណ៍បឋមដាក់ជូនថ្នាក់ដឹកនាំអាស៊ាន ដើម្បីចាត់វិធានការជាបន្ទាន់។ សហគមន៍អន្តរជាតិកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍នេះ ហើយរំពឹងថាភាគីពាក់ព័ន្ធទាំងអស់នឹងរកដំណោះស្រាយដោយសន្តិវិធី និងចៀសវាងការបង្កជម្លោះបន្ថែមទៀត៕
ដោយ ឈុន សារ៉ាត





