បណ្ឌិតសភាចារ្យ សុខ ទូច ជួបពិភាក្សាការងារជាមួយប្រតិភូវិទ្យាស្ថានវប្បធម៌ចិន ស្តីពីការវិវត្តនៃវប្បធម៌ក្នុងប្រទេសកម្ពុជា និងចិន ព្រមទាំងទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្ដម បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយនឹងប្រតិភូនៃវិទ្យាស្ថានវប្បធម៌ចិន ដឹកនាំដោយលោកសាស្ត្រាចារ្យ XU Youquan នាយករង និងជាអគ្គលេខាធិការវិទ្យាស្ថានវប្បធម៌ចិន នៃសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងជំនួបនាឱកាសនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះជំនួបពិភាក្សាជាមួយប្រតិភូនៃវិទ្យាស្ថានវប្បធម៌ចិន និងបានជម្រាបជូនលោកសាស្ត្រាចារ្យ XU Youquan និងប្រតិភូនៃវិទ្យាស្ថានវប្បធម៌ចិន អំពីប្រវត្តិនៃការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា ដំណើរការវិវត្ត និងសមិទ្ធផលសំខាន់ៗដែលរាជបណ្ឌិត្យសភាកម្ពុជាសម្រេចបានក្នុងពេលថ្មីៗកន្លងមកនេះសម្រាប់ប្រទេសជាតិ និងប្រជាជន។

លោកសាស្ត្រាចារ្យ XU Youquan បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងស្នាដៃដែលរាជបណ្ឌិត្យសភាកម្ពុជាក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច សម្រេចបាននាពេលកន្លងមកនេះ ព្រមទាំងបានធ្វើបទបង្ហាញជូន ឯកឧត្ដមបណ្ឌិតសភាចារ្យ អំពីប្រវត្តិនៃដំណើរការបង្កើតវិទ្យាស្ថានវប្បធម៌ចិន ដែលត្រូវបង្កើតឡើងតាំងពី ឆ្នាំ១៩៥៦ ដែលមានបេសកកម្មសិក្សាស្រាវជ្រាវនិងស្វែងយល់អំពីវប្បធម៌ចិន ក្នុងអាណត្ដិដឹកនាំរបស់ឯកឧត្ដមប្រធានាធិបតី ម៉ៅ សេទុង។

បើតាមលោកសាស្ត្រាចារ្យ វិទ្យាស្ថាននេះដើរតួនាទីសំខាន់នៅក្នុងការសិក្សាស្រាវជ្រាវ និងបណ្ដុះបណ្ដាលអំពិវប្បធម៌ និងសាសនានៅក្នុងសាធារណរដ្ឋប្រជាមានិតចិន និងផ្ដល់ធាតុចូលជូនស្ថាប័ននិងអ្នកសិក្សាស្រាវជ្រាវផ្សេងៗផងដែរ។
ភាគីទាំងពីរក៏បានជជែក ពិភាក្សាទៅលើការវិវត្តនៃវប្បធម៌នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ និងការថែរក្សានិងអភិរក្សវប្បធម៌នៃប្រជាជាតិទាំងពីរ នៅក្នុងសម័យនៃសាកលភាវូបនីយកម្មផងដែរ។ ថ្នាក់ដឹកនាំស្ថាប័នទាំងពីរក៏បានឯកភាពគ្នានៅក្នុងការពិនិត្យមើលលទ្ធភាពឈានទៅធ្វើកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរផងដែរ៕
ដោយ ណយ នឿន (ប្រភព៖ រាជបណ្ឌិត្យសភាកម្ពុជា)





