ពិធីបិទវេទិកាឆ្លុះបញ្ចាំងប្រចាំឆ្នាំរបស់អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍
AKP កំពង់ធំ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំអញ្ជើញចូលរួមក្នុងពិធីបិទវេទិកាឆ្លុះបញ្ចាំងប្រចាំឆ្នាំរបស់អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ ដែលរៀបចំឡើងដោយ រដ្ឋបាលខេត្តកំពង់ធំ អង្គការទស្សនៈពិភពលោកអន្តរជាតិនិងអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍នៅភោជនីយដ្ឋានឡូវ គឹមសេង កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។

ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា វេទិកានេះបានឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពបញ្ហាប្រឈមដំណោះស្រាយ និងផ្តល់ឱកាសដល់អ្នកចូលរួមបានចែករំលែកបទពិសោធន៍ ការរៀនសូត្រ និងផ្លាស់ប្តូរចំណេះដឹងស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម និងការអនុវត្តយន្តការបណ្តាញអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍នៅកម្រិតខុសគ្នាក្នុងការសម្របសម្រួលដំណើរការ អនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គមនិងស្វែងរកកិច្ចអន្តរាគមន៍គាំទ្រ ការអនុវត្តការងារគណនេយ្យភាពសង្គមប្រកបដោយនិរន្តរភាព។

ឯកឧត្តម នួន ផារ័ត្ន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គការទស្សនៈពិភពលោក (World Vision) ប្រចាំខេត្តកំពង់ធំ ដែលបានខិតខំសម្របសម្រួល និងសហការយ៉ាងល្អប្រសើរជាមួយរដ្ឋបាលខេត្ត រដ្ឋបាលស្រុក មន្ទីរអង្គភាពនិងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដែលបានអនុវត្តសកម្មភាពនានាស្របតាមច្បាប់និងគោលការណ៍ដែលមានចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នា។ ការប្តេជ្ញាចិត្តរួមគ្នាក្នុងការអនុវត្តការងារគណនេយ្យភាពសង្គម គឺជាសក្ខីភាពយ៉ាងច្បាស់ដែលបង្ហាញពីការគាំទ្រដល់កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) គឺជាទស្សនវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ ដោយផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ អាចចូលរួមក្នុងគ្រប់សកម្មភាពនៃការអភិវឌ្ឍ ដើម្បីធានាបាននូវតម្លាភាព ប្រសិទ្ធភាព និងការឆ្លើយតបចំពោះការផ្តល់សេវាសាធារណៈ។

ឯកឧត្តមបន្តថា វេទិការយៈពេលពីរថ្ងៃនេះបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពបញ្ហាប្រឈម រៀនសូត្រពីបទពិសោធន៍ល្អៗនិងរួមគ្នាស្វែងរកដំណោះស្រាយដើម្បីពង្រឹងយន្តការផ្នែកផ្គត់ផ្គង់ និងផ្នែកតម្រូវការ។ អ្វីដែលកាន់តែពិសេសនោះគឺយើងបានជជែកពិភាក្សាគ្នាអំពី "និរន្តរភាព" នៃការអនុវត្តការងារគណនេយ្យភាពសង្គម ក្រោយពេលដែលគម្រោងរបស់អង្គការដៃគូត្រូវបានបញ្ចប់៕

ដោយ ស៊ុម វណ្ណា





