អាជ្ញាធរខេត្តកំពង់ឆ្នាំង ពង្រឹងសុវត្ថិភាព និងរក្សាសន្តិសុខជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យ ដាក់បិណ្ឌ ភ្ជំបិណ្ឌ
AKP កំពង់ឆ្នាំង ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥-- លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា អភិបាលក្រុង ស្រុក ជាពិសេសមេប៉ុស្តិ៍រដ្ឋបាល និងមេឃុំ ជាអ្នកគ្រប់គ្រងផ្ទាល់នៅមូលដ្ឋានត្រូវតែបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសឡូតូ, កន្ទុយលេខ, និងជល់មាន់តាមអនឡាញ ជាបន្ទាន់ តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងនោះសេចក្ដីសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យ ដាក់បិណ្ឌ ភ្ជំបិណ្ឌ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅវត្តទូលព្រះរាម ស្ថិតក្នុងភូមិចំបក់ផ្អែម ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ លោក ឈឹម វុទ្ធា បានមានប្រសាសន៍ថា ដើម្បីឆ្លុះបញ្ចាំងអំពីសកម្មភាពការងារ ពិសេសការងារសន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបានលើកយកកំណត់ហេតុច្បាស់លាស់ឱ្យដឹងថា ខែមុនមានបញ្ហាអ្វីខ្លះដែលមិនទាន់បានដោះស្រាយជូនប្រជពលរដ្ឋ និងបន្តរក្សាសន្តិសុខជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យ ដាក់បិណ្ឌ ភ្ជំបិណ្យ។ គណៈបញ្ជាការឯកភាពរបស់គណបញ្ជាការឯកភាពទូទាំងខេត្តដែលបានខិតខំបំពេញការងារនាពេលកន្លងមកសម្រេចបានលទ្ធផលល្អប្រសើរ។ ពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺដង្កាត់ផ្សេងៗ និងបានទប់ស្កាត់បានយ៉ាងល្អប្រសើរនូវអំពើឆក់ប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសនានា ហើយត្រូវបន្ដខិតខំប្រឹងប្រែងបំពេញការងារទាំងអស់ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យនានា ឱ្យបានកាន់តែល្អថែមទៀត។

ទន្ទឹមនឹងនេះ លោកបានបន្តថា សម្រាប់អនុវត្តការបង្ក្រាបល្បែងស៊ីសងនេះ បើធ្វើមិនបាននោះមេប៉ុស្តិ៍មេឃុំ ត្រូវទទួលខុសត្រូវជាមួយស្រុក ក្រុង។ ក្រុងស្រុកត្រូវទទួលខុសត្រូវជាមួយខេត្ត និងស្នងការខេត្ត។ ចំណែកខេត្ត និងត្រូវទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល។ ត្រូវតែដឹកនាំបង្ក្រាបឱ្យអស់នូវបទល្មើសនេសាទខុសច្បាប់។ ត្រូវយកចិត្តទុកដាក់បន្តអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ។ អភិបាលក្រុង ស្រុកត្រូវពង្រឹងប៉ុស្តិ៍រដ្ឋបាល មេឃុំ-ចៅសង្កាត់ ប្រជាការពារ និងមេភូមិ។ ត្រូវមានប៉ុស្តិ៍ប្រចាំការ២៤ម៉ោងនៅតាមគោលដៅ ដោយរៀបចំទំនាក់ទំនងគ្នាតាមវិទ្យុទាក់ទងគ្រប់មូលដ្ឋាន ដើម្បីក្តាប់សភាពការណ៍ និងសហការគ្នាបង្ក្រាបបទល្មើស ឱ្យបានទាន់ពេលវេលា។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា ត្រូវរៀបចំផែនការត្រៀមដោះស្រាយគ្រោះមហន្តរាយដោយកំណត់ឱ្យថ្នាក់ឃុំ-សង្កាត់ ជាពិសេសគណៈបញ្ជាការក្រុង ស្រុក ត្រូវបន្ដការថែរក្សាបរិស្ថាន និងសម្បត្តិធម្មជាតិឱ្យបានល្អដែលជាសក្ដានុពលទេសចរណ៍ នៅក្នុងខេត្តរបស់យើង ។ ត្រូវថែរក្សា និងរៀបចំរមណីយដ្ឋានធម្មជាតិ មានបរិស្ថានស្អាតជានិច្ច និងរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍ បង្កលក្ខណៈសម្រួលជូនដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ទៅស្រុកពិសេសក្នុងឱកាសបុណ្យ ដាក់បិណ្ឌ ភ្ជំបិណ្យឱ្យបានកាន់តែល្អប្រសើរ។

ក្នុងឱកាសនោះដែរ លោកអភិបាលរង និងមន្ត្រីរាជការ បានធ្វើពិធីរាប់បាត្រ និងប្រគេនទេយ្យទាន ដល់ព្រះសង្ឃក្នុងឱកាសដាក់បិណ្ឌវេនទី១០ ទេយ្យទាននិងបច្ច័យសម្រាប់វត្តមាន អង្កចំនួន១០០ គ.ក, មី៥ កេស, ភេសជ្ជ:៥កេស, ទឹកសុទ្ធ៥ កេស, ទឹកត្រី យួរ៣, ទឹកស៊ីអ៊ីវ៣ កេស, និងថវិកាចំនួន ២លាន៧០ម៉ឺនរៀលផងដែរ៕
ដោយ បៃ ស៊ីថុន





