អាជ្ញាធរមីន និងស្ថានទូតឥណ្ឌា បន្តចុះអនុស្សរណៈយោគយល់គ្នា ក្នុងការអនុវត្តការងារបោសសម្អាតមីន
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន និងឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា ស្តីពីការបោសសម្អាតមីនក្នុងភូមិព្រៃអណ្តូង ឃុំប្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ដើម្បីប្រកាសជាភូមិអស់មីន ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលឥណ្ឌា តាមរយៈការអនុវត្តគម្រោងផ្តល់ផលរហ័សនៅកម្ពុជាQuick Impact Projects រវាងអាជ្ញាធរមីន និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ការចុះអនុស្សរណៈយោគយល់គ្នាថ្ងៃនេះ គឺជាសក្ខីភាពជាក់ស្តែងមួយបន្ថែមទៀតដ៏រស់រវើកនៃទំនាក់ទំនងល្អជាប្រពៃណីជាប្រវត្តិសាស្រ្ត និងមិត្តភាពយូរអង្វែងរវាងរដ្ឋាភិបាលនិងប្រជា ជនឥណ្ឌា-កម្ពុជា ដែលបានឆ្លងកាត់រាប់សហស្សវត្សរ៍ និងបន្តរីកចម្រើនគួរឱ្យកត់សម្គាល់។ ការឧបត្ថម្ភគាំទ្ររបស់រដ្ឋាភិបាលឥណ្ឌាក្នុងវិស័យសកម្មភាពមីន ទាំងការបោសសម្អាតមីន និងសង្រ្គោះជនរងគ្រោះដោយសារមីន គឺបានឆ្លុះបញ្ចាំងពីភាពជាដៃគូយ៉ាងរឹងមាំ និងតែងតែជួយគ្នាទៅវិញទៅមក ក្នុងចំណោមប្រទេសជាមិត្ត និងដៃគូដទៃទៀត ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យកម្ពុជាអាចសម្រេចនូវគោលដៅមួយគ្មានផលប៉ះពាល់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាម ស្របតាមចក្ខុវិស័យដឹកនាំដ៏ប៉ិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ការគាំទ្រដ៏សប្បុរសរបស់ឥណ្ឌា មិនត្រឹមតែជាការបោសសម្អាតមីនប៉ុណ្ណោះទេ វាជាការឈូសឆាយផ្លូវទៅកាន់ការស្តារឡើងវិញនូវភាពថ្លៃថ្នូររបស់សហគមន៍ និងការពង្រីកសក្តានុពលគ្មានដែនកំណត់របស់កម្ពុជា ចាប់តាំងពីខេត្តកោះកុង ដល់ខេត្តពោធិ៍សាត់ ចាប់ពីការប្រកាសភូមិគ្មានមីន រហូតដល់គំនិតផ្តួចផ្តើម "ឥណ្ឌាដើម្បីមនុស្សជាតិ" ក្នុងការផ្តល់អវយវៈសិប្បនិមិត្តដល់ជនរងគ្រោះ។

ក្នុងនាមតំណាងឱ្យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម Vanlalvawna Bawitlung និងសហការី ដែលបានចូលរួមបន្តពង្រីកចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ និងលះបង់ឥតឈប់ឈរជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយនូវមរតកសង្រ្គាមរ៉ាំរ៉ៃនៅកម្ពុជា និងលើកកម្ពស់ជីវភាពរស់ នៅរបស់ប្រជាជននៅតាមសហគមន៍ តាមរយៈការអនុវត្តគម្រោងផ្តល់ផលរហ័ស របស់រដ្ឋាភិបាលឥណ្ឌា។

ឯកឧត្តម Vanlalvawna Bawitlung បានលើកឡើងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ គឺបានឆ្លុះបញ្ចាំងពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងឥណ្ឌានិងកម្ពុជា ដែលត្រូវបានកសាងឡើងដោយទំនុកចិត្ត សុច្ឆន្ទៈ និងការប្តេជ្ញាចិត្តរួមគ្នា។ នេះជាការអនុវត្តគម្រោងបោសសម្អាតមីនលើកទីបី ក្រោមការគាំទ្រពីគម្រោងផ្តល់ផលរហ័សនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា រវាងស្ថានទូត និងអាជ្ញាធរមីន ហើយផ្ទៃដីចំនួន ២០ហិកតា នឹងត្រូវបានរំដោះចេញពីគ្រាប់មីន និងមានអ្នកទទួលផលប្រមាណជា ១.០០០ នាក់។ ភូមិព្រៃអណ្តូង ក្នុងខេត្តពោធិ៍សាត់ នឹងត្រូវប្រកាសជាភូមិគ្មានមីន ដែលអាចរួមចំណែកផ្តល់ឱកាសជាច្រើនទៀតសម្រាប់អនាគតកាន់តែប្រសើរ និងសុវត្ថិភាព។

ឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ការបោសសម្អាតមីន ពិតជាបានស្តារឡើងវិញនូវទំនុកចិត្ត និងសេចក្តីថ្លៃថ្នូររបស់សហគ មន៍ដែលរស់នៅជុំវិញតំបន់រងផលប៉ះពាល់ទាំងនោះវាក៏អាច ឱ្យពួកគាត់បន្តសកម្មភាពសេដ្ឋកិច្ច និងផ្តល់សិទ្ធិអំណាចឱ្យពួកគាត់ សម្រេចបាននូវអនាគតដ៏ត្រចះត្រចង់។ ជាមួយនឹងគម្រោងនេះ នឹងអាចឱ្យកម្ពុជាខិតទៅជិតការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសគ្មានមីននៅឆ្នាំ២០៣០៕
ដោយ សួស សំរិត





