អភិបាលខេត្តកំពង់ធំជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
AKP កំពង់ធំ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥--ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំប្រាសាទតោ។

នៅក្នុងឱកាសនោះ ឯកឧត្តម នួន ផារ័ត្ន បានធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃដែលកំពុងមានភាពតានតឹងនៅឡើយជូនដល់បងប្អូនមន្ត្រីរាជការជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងបានក្រើនរំលឹកដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ត្រូវគោរពវិន័យនាំឱ្យមានសេចក្តីថ្លៃថ្នូរ រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងមានភាពស្មោះត្រង់។ត្រូវពង្រឹងសមត្ថភាពខ្លួនឯងឱ្យកាន់តែប្រសើរឡើងខិតខំធ្វើការងារ និយាយតិចធ្វើឱ្យច្រើន និងមានភាពទទួលខុសត្រូវខ្ពស់។

ឯកឧត្តមបានបន្តថាជីវិតជាមន្ត្រីរាជការត្រូវក្តាប់ឱ្យជាប់នូវទិសដៅការងារ ចក្ខុវិស័យនិងផែនការយុទ្ធសាស្ត្រនៃការដឹកនាំ របស់ក្រុមប្រឹក្សាខេត្តនិងគណៈអភិបាលខេត្តនៃការអភិវឌ្ឍន៍ខេត្តកំពង់ធំ ដែលមានទិសដៅច្បាស់លាស់ដើម្បីឱ្យខេត្តកំពង់ធំមានការរីកចម្រើន។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបានក្រើនរំលឹកដល់មន្ត្រីរាជការវ័យក្មេងទាំងអស់ត្រូវខិតខំអភិវឌ្ឍខ្លួនឱ្យក្លាយទៅជាមន្ត្រីមានសមត្ថភាពពិតប្រាកដខិតខំប្រឹងប្រែងធ្វើការងារ នៅពេលខាងមុខ និងមានអនាគតល្អប្រសើរព្រមទាំងអំពាវនាវដល់មន្ត្រីរាជការទាំងអស់សូមចៀសឱ្យឆ្ងាយពីល្បែងស៊ីសងគ្រប់ប្រភេទ ការប្រើប្រាស់គ្រឿងញៀន កាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងដើម្បីសុខភាពផ្ទាល់ខ្លួននិងសេដ្ឋកិច្ចគ្រួសារ។

ឯកឧត្តម នួន ផារ័ត្ន បានសំណូមពរដល់បណ្តាអង្គភាពចំណុះឱ្យរដ្ឋបាលខេត្តសូមពង្រឹងការងារនៅតាមវិស័យការងាររបស់ខ្លួនឱ្យបានល្អ ការគ្រប់គ្រងមន្ត្រីក្រោមឱវាទ និងការកែលម្អតាមទីចាត់ការអង្គភាព ការិយាល័យឱ្យបានស្អាត និងមានបរិយាកាសល្អ ផាសុខភាពល្អ៕
ដោយ ស៊ុម វណ្ណា





