ដើមផ្កាជើងគោចំនួន២០០ដើម ត្រូវបានដាំជានិម្មិតរូបនៅតាមបណ្តោយផ្លូវជាតិ៧
AKP កំពង់ចាម ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥-- ដើមផ្កាប្រភេទ ដើមផ្កាជើងគោ ចំនួន២០០ដើម លើគម្រោងដាំប្រមាណ១៥០០០ដើមតាមបណ្តោយដងផ្លូវ ជាតិលេខ៧ ពីចំណុចរង្វង់មូលស្គន់ ដល់ក្រុងកំពង់ចាមត្រូវបានបើកយុទ្ធនាការដាំជានិម្មិតរូប នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ នៅត្រង់ចំណុចព្រំប្រទល់ស្រុកជើងព្រៃ និងព្រៃឈរ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមការរចូលរួមពីសំណាក់ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការដឹកជញ្ជូន ឯកឧត្តម ខ្លូត ផន ប្រធានក្រុម ប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចានដា អភិបាលខេត្តកំពង់ចាម រួមនិងនិងមន្ត្រីពាក់ព័ន្ធតាមបណ្តាអង្គភាពជុំវិញខេត្ត។


មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា នេះជាការបើកយុទ្ធនាការដាំដើមផ្កាជើងគោ អមសងខាងបណ្តោយផ្លូវជាតិលេខ៧ ដើម្បីបង្កើតភាពប៉ៃតងលម្អទេសភាព និងលើកកម្ពស់សោភ័ណភាពតាមដងផ្លូវឱ្យមានភាពស្រស់បំព្រងដោយធម្មជាតិ។ រដ្ឋបាលខេត្តកំពង់ចាម គ្រោងនឹងយកដើមផ្កាជើងគោចំនួន ១៥.០០០ដើមដាំសងខាងផ្លូវជាតិលេខ៧នេះ ចាប់ពីចំណុចរង្វង់មូលស្គន់ ដល់ក្រុងកំពង់ចាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ផ្តល់ជូនរដ្ឋបាលបាលខេត្ត។ គម្រោងស្ថាបនាលើកកម្រិតផ្លូវជាតិលេខ៧ ជា៤គន្លង ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណាក្រុងកំពង់ចាម ដែលមកដល់ពេលនេះសម្រេចបានប្រមាណជាង៧០% ហើយនោះ។


ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ មន្ត្រីរាជការ ព្រះសង្ឃ បុគ្គលិកឯកជន ម្ចាស់រោងចក្រ សហគ្រាស ចូលរួមសហការក្នុងការដាំ ឱ្យបានគ្រប់ៗគ្នា ដោយការដាំនេះ គឺត្រូវដាំចំងាយពីចិញ្ចើមផ្លូវពី១,៥ម៉ែត្រ ទៅ៣ម៉ែត្រ និងគម្លាតពី ៧ ទៅ១០ម៉ែត្រក្នុង១ដើម និងរួមគ្នា ជួយថែទាំចំពោះដើមឈើនៅតាមមុខលំនៅឋាន សាលារៀន វត្តអារាម រោងចក្រ សហគ្រាសរៀងៗខ្លួន ដើម្បីលើកកម្ពស់សោភ័ណភាពលំនៅឋានរបស់ខ្លួន លម្អតាមដងផ្លូវជាតិឱ្យមានភាពបៃតងស្រស់បំព្រងផងដែរ៕
ដោយ ឆាយ ម៉ុត





