ជម្លោះព្រំដែនជំរុញស្មារតីរួបរួម៖ ពលរដ្ឋខ្មែរសម្រុកទៅវត្តព្រៃចាន់ ដើម្បីធ្វើបុណ្យភ្ជុំបិណ្ឌ និងគាំទ្រកងទ័ពជាតិ
\AKP បន្ទាយមានជ័យ ថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២៥ -- ថ្ងៃបិណ្ឌទី១៤នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ ២០២៥ ដែលជាប្រពៃណីដ៏សំខាន់របស់ជាតិខ្មែរ ប្រជាពលរដ្ឋរាប់រយនាក់បានសម្រុកទៅធ្វើបុណ្យនៅវត្តសុវណ្ណសិក្ខារាម ហៅ វត្តព្រៃចាន់ ក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ការមកដល់យ៉ាងច្រើនកុះកររបស់ពុទ្ធបរិស័ទទាំងមកពីក្នុងខេត្តផ្ទាល់ និងពីខេត្តផ្សេងៗទៀតដូចជាសៀមរាប បានកើតឡើងចំពេលដែលមានជម្លោះព្រំដែនតានតឹងរវាងកម្ពុជានិងថៃ។ វត្តនេះស្ថិតនៅចម្ងាយប្រមាណតែ ១ គីឡូម៉ែត្រប៉ុណ្ណោះពីទីតាំងដែលកងទ័ពថៃបានឈ្លានពានចូលទឹកដីកម្ពុជា។

ព្រះតេជគុណ ញ៉ិល ឌី ជាព្រះចៅអធិការវត្តព្រៃចាន់ បានមានសង្ឃដីកាថា ចាប់តាំង ១៨ ខែកញ្ញា) មក ពុទ្ធបរិស័ទបានមកកាន់វត្តនេះច្រើនជាងឆ្នាំមុនៗទៅទៀត។ វត្តព្រៃចាន់មិនត្រឹមតែទទួលស្វាគមន៍ពលរដ្ឋដែលជាចំណុះជើងវត្តនោះទេ ប៉ុន្តែក៏មានពលរដ្ឋមកពីខេត្តដទៃដូចជាក្រុងសិរីសោភ័ណនិងខេត្តសៀមរាបជាដើម ដែលបានឆ្លៀតពេលមកធ្វើបុណ្យនៅទីនេះ។ ពួកគាត់បានបួងសួងសុំសេចក្តីសុខ ដើម្បីលើកទឹកចិត្តដល់បងប្អូនដែលរងគ្រោះ និងកម្លាំងការពារជាតិដែលកំពុងឈរជើងនៅតំបន់ព្រំដែន។

បន្ទាប់ពីបញ្ចប់ពិធីដាក់បិណ្ឌ និងប្រគេនចង្ហាន់ដល់ព្រះសង្ឃ ប្រជាពលរដ្ឋជាច្រើននាក់បានបន្តធ្វើដំណើរទៅកាន់ទីតាំងជម្លោះព្រំដែនដើម្បីមើលស្ថានភាពជាក់ស្តែង។ មិនត្រឹមតែប៉ុណ្ណោះ ពួកគាត់ក៏បាននាំយកអំណោយសប្បុរសធម៌ទៅចែកជូនដល់ពលរដ្ឋដែលរងគ្រោះ និងផ្តល់កម្លាំងចិត្តដល់កម្លាំងសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដី។ សកម្មភាពនេះបានបង្ហាញពីស្មារតីរួបរួម និងការគាំទ្រយ៉ាងរឹងមាំរបស់ប្រជាពលរដ្ឋចំពោះជាតិមាតុភូមិ។
ជម្លោះនៅតំបន់ព្រំដែននេះបានផ្ទុះឡើងជាបន្តបន្ទាប់ចាប់តាំងពីខែសីហា ឆ្នាំ២០២៥។ កាលពីថ្ងៃទី ១៣ ខែសីហា យោធាថៃបានបង្ខំឲ្យគ្រួសារខ្មែរចំនួន ១៩ គ្រួសារដែលរស់នៅភូមិព្រៃចាន់ ចាកចេញពីលំនៅឋាននិងដីចម្ការរបស់ខ្លួន។ ហេតុការណ៍ស្រដៀងគ្នានេះក៏បានកើតឡើងនៅភូមិជោគជ័យមួយថ្ងៃមុននោះដែរ។
ចំណុចកំពូលនៃជម្លោះបានកើតឡើងនៅរសៀលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅពេលដែលយោធាថៃបានប្រើប្រាស់ខែលការពារខ្លួនបាញ់គ្រាប់ជ័រ គ្រាប់ឃ្លី និងឧស្ម័នពុលទៅលើប្រជាពលរដ្ឋស៊ីវិល ព្រះសង្ឃ និងទាហានកម្ពុជា បណ្តាលឱ្យមនុស្សជាង ៣០ អង្គ/នាក់រងរបួសធ្ងន់និងស្រាល។ ទោះបីជាមានការតវ៉ាយ៉ាងខ្លាំងពីភាគីកម្ពុជាក៏ដោយ នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៥ កម្លាំងយោធាថៃនៅតែបន្តសកម្មភាពឈ្លានពានរបស់ខ្លួន ដោយបានរាយបន្លាលួសបន្ថែមទៀតនៅតំបន់បឹងត្រកួន និងភូមិជោគជ័យក្នុងស្រុកអូរជ្រៅ។
ការមកដល់វត្តព្រៃចាន់របស់ប្រជាពលរដ្ឋកម្ពុជានាឱកាសភ្ជុំបិណ្ឌនេះ គឺមិនមែនត្រឹមតែដើម្បីធ្វើបុណ្យប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីការរួបរួមគ្នាក្នុងគ្រាលំបាក ដើម្បីការពារបូរណភាពទឹកដី និងលើកកម្ពស់ស្មារតីស្នេហាជាតិក្នុងចំណោមប្រជាជាតិខ្មែរទាំងមូល៕
ដោយ ឈុន សារ៉ាត





