អភិបាលខេត្តត្បូងឃ្មុំអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់ បង្កើនការប្រុងប្រយ័ត្នខ្ពស់
AKP ត្បូងឃ្មុំ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ -- ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់បង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រូវថែរក្សាសុខភាពរបស់ខ្លួនឱ្យចៀសផុតពីជំងឺផ្សេងៗ ដែលបណ្តាលមកពីការខ្វះអនាម័យ ជាពិសេសត្រូវប្រយ័ត្នចំពោះក្មេងតូចៗ និងមនុស្សចាស់ ដើម្បីបញ្ចៀសពីការលង់ទឹក។ ការអំពាវនាវរបស់អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំយ៉ាងដូច្នេះ ក្នុងឱកាសចុះសាកសួរសុខទុក្ខ និងចែកកញ្ចប់ស្បៀងបម្រុងរបស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់គ្រួសាររងគ្រោះដោយសារទឹកជំនន់ទន្លេមេគង្គចំនួន ៩៩៨គ្រួសារ ដែលកំពុងស្នាក់នៅទីទួលសុវត្ថិភាពស្ថិតនៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥។

ជាមួយគ្នានោះ ឯកឧត្តមក៏បានស្នើឱ្យរដ្ឋបាលស្រុក ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ ត្រូវតាមដានស្ថានភាពទឹកជំនន់ទន្លេមេគង្គឱ្យបានជាប់ជាប្រចាំ ដើម្បីជូនដំណឹងបន្តទៅឱ្យប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋដែលងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ដោយបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយនានា។

សូមបញ្ជាក់ថា ទឹកជំនន់ទន្លេមេគង្គនៅក្នុងខេត្តត្បូងឃ្មុំបានជន់ឡើងពីរដងជាប់ៗគ្នា ដែលបង្កការលំបាកដល់ប្រជាពលរដ្ឋជាច្រើននៅឃុំជីរោទ៍ទី១ និងឃុំទន្លេបិទ ដោយទឹកជំនន់លើកទី១ បានឡើងដល់កម្ពស់ ១៣,០០ម៉ែត្រ និងលើកទី២ឡើងដល់ ១៣,២០ម៉ែត្រ ដែលធ្វើឱ្យលំនៅដ្ឋាន និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋរងការជន់លិចផងដែរ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ)





