ភ្ញៀវទេសចរខកខានទស្សនាព្រឹត្តិការណ៍សមរាត្រីរដូវវស្សា ដោយសារភ្លៀងធ្លាក់
AKP សៀមរាប ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥-- លោក អុឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល ផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថាជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។ ចំពោះឆ្នាំ២០២៥ នេះ ថ្ងៃរះលើកំលអង្គរវត្តចំថ្ងៃសមរាត្រីរដូវស្សានេះ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាវេលាដែលថ្ងៃនិងយប់មានរយៈពេលស្ទើរតែស្មើគ្នាគិតនៅប្រទេសកម្ពុជាយើង។ ក្រៅពីនេះ ខែខ្លះថ្ងៃមានរយៈពេលវែងជាងយប់ ហើយខ្លះទៀត យប់មានរយៈពេលវែងជាងថ្ងៃវិញ។

ករណីពិសេសនៅអង្គរវត្ត នាវេលាថ្ងៃ និងយប់មានរយៈពេលស្មើគ្នានេះ ព្រះអាទិត្យនឹងរះទ្បើងចំកំពូលកណ្តាលនៃអង្គរវត្តនាព្រឹកព្រលឹមស្រាងៗ ដែលយើងអាចមើលឃើញពីក្លោងទ្វារកណ្តាលនៃគុកតារាជ (ក្លោងទ្វារធំខាងលិច)។ នេះជារឿងអច្ឆិរយរបស់អង្គរវត្ត ដែលបានស្ថាបនាទ្បើងដោយមានការសិក្សាគន់គូរយ៉ាងល្អិតល្អន់របស់អ្នកប្រាជ្ញបណ្ឌិតសម័យអង្គរ រួមផ្សំគ្នារវាងទ្រឹស្តីគណិតសាស្រ្ត វិស្វកម្ម និងតារាសាស្រ្ត។ គឺជាហេតុផលវិទ្យាសាស្រ្តមួយ ដែលបំពេញចម្លើយចំពោះសំណួរដែលសួរមិនចេះចប់ថា ហេតុដូចម្តេចបានជាអង្គរវត្តបែរមុខទៅទិសខាងលិច។

សម្រាប់ព្រឹត្តិការណ៍សមរាត្រីរដូវវស្សានៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ថ្ងៃមិនរះទេដោយសារមានភ្លៀងធ្លាក់។ ប៉ុន្តែសម្រាប់ភ្ញៀវទេសចរដែលទៅទស្សនាគឺមានច្រើនកុះករ។

សូមបញ្ជាក់ថា រយៈពេល៣ថ្ងៃនៃព្រឹត្តិការណ៍សមរាត្រីចាប់ពីថ្ងៃទី២១ ដល់២៣ ភ្ញៀវទេសចរខកខានមិនបានទស្សនាព្រឹត្តិការណ៍សមរាត្រីរដូវវស្សាទេ ដោយមានភ្លៀងធ្លាក់រហូត៕
ដោយ ឃុត សៅ





