ព្រះសង្ឃនៅខេត្តបន្ទាយមានជ័យ និមន្តចែកអន្សមដល់វីរកងទ័ពនៅជួរមុខ
AKP បន្ទាយមានជ័យ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥-- ព្រះសង្ឃជាច្រើនអង្គដែលនិមន្តមកពីបណ្តាវត្តនានាក្នុងខេត្តបន្ទាយមានជ័យ បាននាំយកនំអន្សមដើម្បីចែកជូនដល់វីរកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ។

ការនិមន្តរបស់ព្រះសង្ឃក្នុងថ្ងៃនេះ គឺដើម្បីបង្ហាញពីកិច្ចសហការ និងទឹកចិត្តសប្បុរសធម៌ រវាងព្រះពុទ្ធសាសនា និងកងកម្លាំងប្រដាប់អាវុធជាតិ។ នេះក៏ជាការលើកទឹកចិត្តដល់បងប្អូនកងទ័ពដែលបានលះបង់កម្លាំងកាយចិត្តដើម្បីបុព្វហេតុជាតិមាតុភូមិ។

ក្នុងឱកាសនោះដែរ ព្រះសង្ឃមួយអង្គបានមានសង្ឃដីកាថា«ការនិមន្តចែកអន្សមនេះ គឺដើម្បីលើកទឹកចិត្តដល់កងទ័ពរបស់យើង ដែលបានលះបង់អ្វីៗទាំងអស់ដើម្បីការពារជាតិ។ ពួកគាត់បានធ្វើពលិកម្មយ៉ាងធំធេងដោយចាកឆ្ងាយពីគ្រួសារដើម្បីថែរក្សាសុខសន្តិភាព និងបូរណភាពទឹកដី។ ក្នុងនាមអាត្មាភាព និងព្រះសង្ឃគ្រប់ព្រះអង្គ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពរបស់យោធិនគ្រប់រូប»។

ព្រះអង្គក៏បានមានសង្ឃដីកាបន្តថា «នំអន្សមជានិមិត្តរូបនៃការជួបជុំគ្រួសារក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប៉ុន្តែសម្រាប់ថ្ងៃនេះ យើងបាននាំមកដើម្បីបង្ហាញថា ពួកគាត់មិននៅឯកោឡើយ។ ព្រះសង្ឃនិងប្រជាពលរដ្ឋទាំងអស់តែងតែគិតដល់ពួកគាត់ជានិច្ច»។
សកម្មភាពមនុស្សធម៌នេះ គឺបានបង្ហាញពីសាមគ្គីភាពជាតិដ៏រឹងមាំរវាងស្ថាប័នសាសនា ប្រជាពលរដ្ឋ និងកងយោធពលខេមរភូមិន្ទ ដែលទាំងអស់គ្នាសុទ្ធតែមានគោលបំណងរួមគឺ ការពារជាតិមាតុភូមិឱ្យបានគង់វង្សស្ថិតស្ថេរជានិច្ច៕
ដោយ ឈុន សារ៉ាត





