សម្តេច ម៉ែន សំអន អុជធូបបួងសួងសុំសេចក្តីសុខជូនជាតិ នៅខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥-- សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញថ្វាយគ្រឿងសក្ការៈដល់ព្រះពុទ្ធរូប និងអុជធូបបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនជាតិ នៅខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ។

ពិធីនេះបានធ្វើឡើងនៅទីតាំងសំខាន់ពីរគឺ សារមន្ទីរខេត្តបន្ទាយមានជ័យ និង ព្រះអង្គធំនៅវត្តប្រាសាទរលំជ្រៃ ក្នុងស្រុកថ្មពួក។ ក្នុងឱកាសនោះ សម្តេចបានបួងសួងដល់ប្រជាជនកម្ពុជាទូទាំងប្រទេស ពិសេសថ្នាក់ដឹកនាំ និងកងទ័ពដែលកំពុងការពារបូរណភាពទឹកដី ឱ្យទទួលបានសុខសុវត្ថិភាព និងសន្តិភាពជារៀងរហូត។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានថ្វាយព្រះពរជ័យចំពោះព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រមទាំងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ។ ជាមួយគ្នានេះ សម្តេចក៏បានជូនពរដល់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ ក៏ដូចជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ព្រមទាំងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យជួបតែសេចក្តីសុខ សេចក្តីចម្រើន និងចៀសផុតពីជំងឺកាចសាហាវគ្រប់ប្រការ។

លើសពីនេះ សម្តេចក៏បានបួងសួងដល់គុណបុណ្យបារមីវត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយប្រោសប្រទានពរជ័យដល់វីរកងទ័ពដ៏អង់អាចក្លាហាន ដែលកំពុងឈរជើងការពារទឹកដីមាតុភូមិ។

សូមបញ្ជាក់ថា សារមន្ទីរខេត្តបន្ទាយមានជ័យ ត្រូវបានបង្កើតឡើងនៅអំឡុងឆ្នាំ២០០៤ ដើម្បីរក្សាទុក និងអភិរក្សវត្ថុបុរាណមានតម្លៃជាច្រើនដូចជា រូបចម្លាក់ គ្រឿងលម្អប្រាសាទ និងសម្ភារៈធ្វើពីសំរឹទ្ធ និងដែក។ សារមន្ទីរនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកតម្កើងកេរ្តិ៍ឈ្មោះ និងវប្បធម៌ខ្មែរ ហើយក៏ជាទីកន្លែងសម្រាប់សាធារណជនសិក្សាស្រាវជ្រាវអំពីអតីតកាលដ៏រុងរឿងរបស់ជាតិ៕
ដោយ ឈុន សារ៉ាត





