ភូមិព្រៃចាន់បន្តភាពស្ងប់ស្ងាត់ ខណៈប្រជាពលរដ្ឋ និងព្រះសង្ឃ នាំយកអំណោយជួយដល់កងទ័ព និងពលរដ្ឋ
AKP បន្ទាយមានជ័យ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥-- ស្ថានភាពនៅតំបន់ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅតែបន្តមានភាពស្ងប់ស្ងាត់ល្អ គិតត្រឹមម៉ោង ៩:៣០ នាទីព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ ២០២៥នេះ បន្ទាប់ពីមានហេតុការណ៍ប៉ះទង្គិចគ្នាដ៏តានតឹង កាលពីរសៀលថ្ងៃទី ១៧ ខែកញ្ញា កន្លងទៅ។ ភាពស្ងប់ស្ងាត់នេះ មិនត្រឹមតែបង្ហាញពីការគ្រប់គ្រងស្ថានការណ៍បានយ៉ាងល្អរបស់អាជ្ញាធរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កប់នូវទឹកចិត្តសាមគ្គីភាព និងការរួបរួមដ៏រឹងមាំពីប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈផងដែរ។

ចាប់តាំងពីព្រឹកព្រលឹមមក ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី និងព្រះសង្ឃជាច្រើនអង្គ/រូប បានបន្តនិមន្ត និងអញ្ជើញមកកាន់តំបន់ជម្លោះនេះ ដើម្បីបង្ហាញពីការគាំទ្រ និងលើកទឹកចិត្តដល់កងទ័ព និងពលរដ្ឋដែលរងផលប៉ះពាល់ ព្រមទាំងបាននាំយកអំណោយជាច្រើនប្រភេទដូចជានំចំណី ភេសជ្ជៈ និងអាហារសម្រន់ផ្សេងៗ ពីទឹកចិត្តរៀងៗខ្លួន ដើម្បីចែកជូនដល់កងទ័ព និងប្រជាពលរដ្ឋនៅភូមិព្រៃចាន់។
ឆ្លៀតក្នុងឱកាសនេះ ព្រះសង្ឃមួយអង្គបានមានសង្ឃដីកាថា “យើងខ្ញុំជាព្រះសង្ឃទាំងអស់ មានការអាណិតអាសូរយ៉ាងខ្លាំងចំពោះព្រះសង្ឃ កងទ័ព និងប្រជាពលរដ្ឋខ្មែរ ដែលបានរងរបួសដោយសារទង្វើឈ្លានពានរបស់ទាហានថៃ។ ការចូលឈ្លានពាននិងរាយលួសបន្លានៅលើទឹកដីខ្មែរ គឺជាទង្វើមួយដែលមិនអាចទទួលយកបាន។ យើងខ្ញុំទាំងអស់គ្នា សូមលើកដៃប្រណមបួងសួងសុំឱ្យកងទ័ព និងប្រជាពលរដ្ឋខ្មែរទាំងអស់ ជួបតែសេចក្តីសុខសាន្តត្រាណ និងអាចដោះស្រាយបញ្ហានេះបានដោយសន្តិវិធី។”

ចំណែកឯលោកតា សន ជាប្រជាពលរដ្ឋម្នាក់មកពីទីរួមខេត្តបន្ទាយមានជ័យ បានសម្តែងការឈឺចាប់ និងខឹងសម្បារយ៉ាងខ្លាំង ចំពោះទង្វើរបស់ទាហានថៃ ដែលបានប្រើប្រាស់ហិង្សា និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកមកលើប្រជាពលរដ្ឋខ្មែរ កងទ័ព និងព្រះសង្ឃ។ លោកតាបានលើកឡើងថា “យើងពិតជាឈឺចាប់ណាស់ ដែលឃើញបងប្អូនខ្មែររបស់យើងត្រូវរងរបួស។ ការរំលោភបំពានលើទឹកដីខ្មែរ និងការប្រើប្រាស់ "ច្បាប់ថៃនៅលើទឹកដីខ្មែរ" គឺជារឿងមួយដែលយើងមិនអាចទ្រាំបានឡើយ។ យើងខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះ និងសូមបួងសួងសុំឱ្យអ្នករបួសទាំងអស់ឆាប់ជាសះស្បើយឡើងវិញ។”
សូមរំលឹកថា ហេតុការណ៍ប៉ះទង្គិចនេះបានកើតឡើង កាលពីរសៀលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ បន្ទាប់ពីទាហានថៃបានចូលឈ្លានពាន រាយលួសបន្លា និងហ៊ុមព័ទ្ធដីភូមិស្រែចម្ការរបស់ប្រជាពលរដ្ឋនៅភូមិព្រៃចាន់។ ទាហានថៃបានបង្ខំប្រជាពលរដ្ឋចំនួន ១៩ គ្រួសារ ឱ្យចាកចេញពីលំនៅឋាន និងដីចម្ការរបស់ពួកគេ។ ក្នុងអំឡុងពេលនៃការតានតឹងនោះ កងកម្លាំងយោធាថៃបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ប្រើចំពាមកៅស៊ូ និងឧបករណ៍សំឡេងរំខាន ដែលបណ្តាលឱ្យមានរបួសដល់ត្រចៀកផងដែរ។ របួសទាំងនោះបានបង្កឱ្យមានការប៉ះទង្គិចគ្នារវាងកងទ័ព ក៏ដូចជាប្រជាពលរដ្ឋខ្មែរជាមួយយោធាថៃ ដែលបណ្តាលឱ្យពលរដ្ឋ កងកម្លាំងនគរបាល ទាហាន និងព្រះសង្ឃសរុប ២៩ អង្គ/រូប បានរងរបួសធ្ងន់ និងស្រាល។

ការបង្ហាញពីសាមគ្គីភាព និងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ និងព្រះសង្ឃនៅថ្ងៃនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់អំពីទឹកចិត្តរួបរួមគ្នារបស់ប្រជាជនកម្ពុជា នៅពេលដែលប្រទេសជាតិជួបប្រទះនូវបញ្ហាប្រឈម។ ទោះបីជាហេតុការណ៍បានកន្លងផុតទៅហើយក៏ដោយ ក៏ទឹកចិត្តសប្បុរសធម៌ និងការគាំទ្រគ្នានេះ នៅតែជាកម្លាំងចលករដ៏សំខាន់ សម្រាប់លើកទឹកចិត្តដល់អ្នកដែលរងផលប៉ះពាល់ និងសម្រាប់បង្ហាញពីមោទកភាពជាតិដ៏រឹងមាំរបស់កម្ពុជា៕
ដោយ ឈុន សារ៉ាត





