សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសួរសុខទុក្ខព្រះសង្ឃ ប្រជាពលរដ្ឋ និងកងកម្លាំងនៅភូមិព្រៃចាន់
AKP បន្ទាយមានជ័យ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥-- សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ ដល់ព្រះសង្ឃ ប្រជាពលរដ្ឋ និងកងកម្លាំងមិនប្រដាប់អាវុធ ដែលកំពុងបំពេញបេសកកម្មនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ។


ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងបរិយាកាសដ៏កក់ក្ដៅ និងពោរពេញដោយភាពស្និទ្ធស្នាល។ សម្ដេចបានសម្ដែងនូវការគាំទ្រ និងលើកទឹកចិត្តដល់កងកម្លាំង ក៏ដូចជាប្រជាពលរដ្ឋក្នុងតំបន់ ដែលបានរួមចំណែករក្សាបាននូវសន្តិសុខ និងស្ថិរភាព។


គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ស្ថានភាពនៅតំបន់ភូមិព្រៃចាន់នៅតែបន្តមានភាពស្ងប់ស្ងាត់ល្អប្រសើរ។ វត្តមានរបស់សម្ដេចបានធ្វើឱ្យប្រជាពលរដ្ឋ និងព្រះសង្ឃកាន់តែមានទឹកចិត្តរីករាយ។ ក្នុងឱកាសនោះ ប្រជាពលរដ្ឋទាំងក្មេងចាស់ប្រុសស្រី និងព្រះសង្ឃ ក៏បានបន្តនាំយកអំណោយជាច្រើនដូចជា នំនែក ភេសជ្ជៈ និងអាហារសម្រន់ផ្សេងៗ មកជូនដល់កងទ័ព និងប្រជាពលរដ្ឋដែលកំពុងស្នាក់នៅទីនោះផងដែរ។ នេះគឺជាកាយវិការដែលកើតចេញពីទឹកចិត្តសាមគ្គីភាព និងការស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅរវាងគ្នាទៅវិញទៅមក៕
ដោយ ឈុន សារ៉ាត





