កិច្ចប្រជុំRBC រវាងយោធភូមិភាគទី៥កម្ពុជា និងកងទ័ពភូមិភាគទី១ថៃ ត្រូវបានលើកពេលទៅខែតុលា ឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥--កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥កម្ពុជា និងកងទ័ពភូមិភាគទី១ថៃ ត្រូវបានលើកពេលទៅខែតុលា ឆ្នាំ២០២៥។នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ។
យោងតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៤ កញ្ញា ឆ្នាំ២០២៥លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថាកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥កម្ពុជា និងកងទ័ពភូមិភាគទី១ថៃ ត្រូវបានលើកពេលទៅខែតុលា ឆ្នាំ២០២៥ ដោយសារខាងភាគីថៃមានការកែសម្រួល និងផ្លាស់ប្តូរថ្នាក់ដឹកនាំកងទ័ពភូមិភាគទី១ របស់ខ្លួន។
អ្នកនាំពាក្យបានលើកឡើងថា យោធភូមិភាគទី៥កម្ពុជា នឹងបន្តសម្របសម្រួលជាមួយភាគីថៃក្នុងការរៀបចំកិច្ចប្រជុំខាងលើឱ្យបានឆាប់រហ័ស ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរជំរុញការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕

ដោយ៖ ប៊ុនរិទ្ធ





