ឯកឧត្តម ម៉ាង ស៊ីណេត ទទួលជួបគណ:ប្រតិភូខេត្តអានហួយ
AKP ព្រះសីហនុ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ទទួលជំនួបសម្តែងការគួរសមជាមួយគណៈប្រតិភូ នៃសាធា រណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក តៅ មីនលន់ TAO Minglun អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជន ខេត្តអានហួយ នៅសាលាខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានស្វាគមន៍ ប្រធានគណ:ប្រតិភូ ដែលបានមកទស្សនកិច្ចខេត្តព្រះសីហនុ ដែលជាខួបលើកទី៦៧ នៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសចិន និងថ្លែង អំណគុណឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ជួយសម្របសម្រួលមានបទឈប់បាញ់រវាងកម្ពុជា ថៃ ក៏ប៉ុន្តែភាគីថៃនៅតែបង្កមកលើកម្ពុជាជាបន្តបន្ទាប់ ភាគីកម្ពុជា នៅតែប្រកាន់យកនូវបទឈប់បាញ់។ ឯកឧត្តមក៏បានជម្រាបជូនពីសក្តានុពល និងភូមិសាស្ត្រខេត្តព្រះសីហនុ ស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា មាន កោះតូចធំ៣២ ឆ្នេរសមុទ្រប្រវែង១៧៥គីឡូម៉ែត្រ មានជីវ:ចម្រុះគ្រប់ប្រភេទ សម្រាប់ការអភិវឌ្ឍលើវិស័យមួយចំនួនមានដូចជា ឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍ ដែលជាគោលដៅអភិវឌ្ឍ និងធ្វើឱ្យមានភ្ញៀវទេសចរមកសម្រាកកម្សាន្ត។


រាជរដ្ឋាភិបាលបានប្រសិទ្ធនាមថា "ជាតារារះ នាទិសនិរតី" ក្នុងនោះខេត្តព្រះសីហនុជាខេត្តស្នូលនៃតំបន់ឆ្នេរនៃព្រះរាជាណាចក្រកម្ពុជា ដែលមានខេត្តព្រះសីហនុ កោះកុង កំពត និងខេត្តកែប ត្រូវបានបញ្ជូលជាសមាជិកក្លឹបឆ្នេរស្អាតជាងគេ លើពីភពលោកនៅឆ្នាំ២០១១។ ខេត្តមានសក្តានុពលលើវិស័យដឹកជញ្ជូនមានដូចជា ផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស ផ្លូវទឹកមាន កំពង់ផែអន្តរជាតិចំនួន៣ ១. កំពង់ផែស្វយ័តក្រុងព្រះសីហនុ ២. កំពង់ផែអន្តរជាតិស្ទឹងហាវ ៣.កំពង់ផែអន្តរជាតិ ម៉ុង ឬទ្ធី កែវផុស ដោយឡែកកំពង់ផែអន្តរជាតិស្វយ័តក្រុងព្រះសីហនុ ត្រូវបានធ្វើការអភិវឌ្ឍជា៣ដំណាក់ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០ ពីជម្រៅទឹក ១៣,៥០ ទៅ ១៧,៥០ម៉ែត្រ អាចឱ្យនាវាមានចំណុះ ១២ម៉ឺនតោនចូលចតបាន។ ផ្លូវអាកាសមានផ្លូវរត់ប្រវែង ៣ ៣០០ម៉ែត្រ។ ផ្លូវគោកមានផ្លូវដែក ផ្លូវជាតិលេខ៣ លេខ៤ និងផ្លូវល្បឿនលឿន។ ក្រោមកម្មវិធីបញ្ចកោណដំណាក់កាលទី១នៃរដ្ឋសភា ជំរុញសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០៥០មានចំណូលខ្ពស់ ដូច្នេះដើម្បីអភិវឌ្ឍប្រទេសមានចំណូលខ្ពស់យើងត្រូវការសន្តិភាព ដែលជាគោល ដៅអភិវឌ្ឍ យើងថែរក្សាសន្តិភាពផ្ទៃក្នុង ក៏ប៉ុន្តែមានបញ្ហានៅព្រំដែនជាមូយប្រទេសថៃ ដែលរាជរដ្ឋាភិបាលមិនចង់មានសង្គ្រាមនោះទេ ព្រោះសង្គ្រាមកម្ពុជា បានបាត់បង់ប្រជាពលរដ្ឋជាង ៣លាននាក់ ក្នុងរបបប៉ុល ពត កម្ពុជាចង់មានព្រំដែនមិត្តភាព ព្រំដែនកិច្ច សហប្រតិបត្តិការ ព្រំដែនសុខសន្តិភាព ព្រំដែនមានការអភិវឌ្ឍ ដែលជាទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ទន្ទឹមនោះរាជរដ្ឋាភិបាលបានធ្វើការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធនៅខេត្តព្រះសីហនុ មានផ្លូវចំនួន៣៧ខ្សែ បន្ទប់ទឹកសាធារណ អាងប្រព្រឹត្តកម្មទឹកកខ្វក់ រូបសំណាក់ និងហេដ្ឋរចនាសម្ព័ន្ធជាច្រើនផ្សេងទៀត ទន្ទឹមនោះ រាជរដ្ឋាភិបាលបានដាក់ចេញកម្មវិធីពិសេសសម្រាប់ខេត្តព្រះសីហនុ កាលពីឆ្នាំ២០២៤ មានដូចជា ១.សម្របសម្រួលផ្នែកព័ន្ធ (បែបបទឯកសារ) ២.សម្របសម្រួលផ្នែកពន្ធ (ការលើកលែងពន្ធពី៣ ទៅ ៥ឆ្នាំ) រាជរដ្ឋាភិបាលបានរៀបចំផែនការមេ អភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលចែកជាតំបន់ធំៗចំនួន៤ ក្នុងនោះ ១.តំបន់ឧស្សាហកម្ម ពាណិជ្ជកម្ម ២.ទីក្រុងសមាហរណ្មកម្ម ពាណិជ្ជកម្ម ហិរញ្ញវត្ថុអន្តរជាតិ ៣.ទេសចរណ៍ តំបន់កោះ ៤.តំបន់កសិកម្ម ទន្ទឹមនោះខេត្តព្រះសីហនុនូវខ្វះដៃគូអភិវឌ្ឍន៍ និងស្នើសុំឱ្យលោកជួយផ្សព្វផ្សាយដល់អ្នកវិនិយោគគិនខេត្តអានហួយមកធ្វើការវិនិយោគនៅខេត្តព្រះសីហនុ ហើយរដ្ឋបាលខេត្ត និងស្វាគមន៍គាំទ្រអ្នកវិនិយោគខេត្តអានហួយ ក៏ដូចអ្នកវិនិយោគមកពីប្រទេសចិន។

លោក TAO Minglun អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនខេត្ត អានហួយ បានថ្លែងអំណគុណ ការចូលជួបសម្តែងការគួរសម និងដំណើរទស្សនកិច្ចខេត្តព្រះសីហនុ ជាពិសេសការប្រកាសរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ ប្រទេស ចិន និងកម្ពុជា ជាប្រទេសជិតខាងគ្នា យើងអាចនិយាយបានថា ជាមិត្តដែកថែប ដោយប៉ុន្មានឆ្នាំចុងក្រោយថ្នាក់ដឹកនាំប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការ មានទំនាក់ទំនងការទូត ហើយឆ្នាំនេះ ជាឆ្នាំធ្វើការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ព្រមទាំងបានថ្លែងអំណគុណឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានទៅធ្វើទស្សកិច្ចនៅខេត្តអានហួយ ជាទីក្រុងមេត្រីភាពកាន់តែស៊ីជម្រៅ ខេត្តព្រះសីហនុជាទីក្រុងមាត់សមុទ្រស្រស់ស្អាតមានធនធានសម្បុរបែប ការអភិវឌ្ឍខ្លាំងក្លាត្រចេះត្រចង់ ក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលខេត្តធ្វើឱ្យខេត្តមានការអភិវឌ្ឍរីកចម្រើន លោកប្រធានប្រតិភូ ក៏បានជម្រាបពីសក្តានុពលរបស់ខេត្តអានហួយ មានការអភិវឌ្ឍ និងជំរុញកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរដោយធ្វើការផ្លាស់ប្តូទស្សនកិច្ចនៃខេត្តទាំងពីរកាន់តែស៊ីជម្រៅ ការផ្លាស់ប្តូរប្រជាពលរដ្ឋ វប្បធម៌ ហើយខេត្តអានហួយគាំទ្រឪ្យអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុ សង្ឃឹមថា យើងនឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ សុខាភិបាល ទេសចរណ៍ និងវិនិយោគ ដែលជាមូលដ្ឋានគ្រឹះកាន់តែល្អ ដើម្បីបង្កើតបរិយាកាសមានលក្ខណៈពិសេស និងវិភាគទានរវាងខេត្តទាំងពីរ៕
ដោយ ងូ សុមុនី





