សម្តេច ម៉ែន សំអន ថ្វាយគ្រឿងសក្ការៈបួងសួងនៅប្រាសាទបន្ទាយទ័ព ដើម្បីរំឭកគុណបុព្វបុរស
AKP បន្ទាយមានជ័យ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥-- សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញទៅកាន់ប្រាសាទបន្ទាយទ័ព ក្នុងភូមិថ្នល់ដាច់ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដើម្បីថ្វាយគ្រឿងសក្ការៈ ភ្លេង និងបួងសួងសុំសេចក្តីសុខចម្រើនជូនជាតិ និងមាតុភូមិ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។ ការអញ្ជើញទៅទៅកាន់ទីតាំងប្រវត្តិសាស្ត្រនេះ គឺដើម្បីជាការរំឭកគុណដល់បុព្វបុរសខ្មែរ ដែលបានលះបង់កម្លាំងកាយចិត្តកសាងប្រាសាទដ៏អស្ចារ្យនេះ។

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតបានបួងសួងឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរស និងវីរជនអ្នកស្នេហាជាតិទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ និងបានបាត់បង់ជីវិតក្នុងពេលប្រទេសជួបវិបត្តិសង្គ្រាម និងបានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ដើម្បីប្រោសព្រំសព្វសាធុការពរជ័យបវរមហាប្រសើរថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ព្រមទាំងថ្នាក់ដឹកនាំជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ។

សម្តេចសូមជូនពរឱ្យគ្រប់ក្រុមគ្រួសារជៀសផុតពីជំងឺកាចសាហាវ និងសូមឱ្យប្រទេសជាតិជួបតែសេចក្តីសុខសាន្ត សុខសន្តិភាព សម្បូរសប្បាយ ជៀសផុតពីគ្រោះរាំងស្ងួត និងសូមឱ្យបទឈប់បាញ់នៅប្រទេសកម្ពុជាអាចអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

ប្រាសាទបន្ទាយទ័ព ដែលជាទីតាំងនៃពិធីនេះ គឺជាប្រាសាទបុរាណមួយស្ថិតក្នុងចំណោមប្រាសាទជាច្រើននៅកម្ពុជា។ ថ្វីត្បិតតែមិនមានសិលាចារឹកបញ្ជាក់ពីឆ្នាំកសាងច្បាស់លាស់ក្តី ប៉ុន្តែអ្នកស្រាវជ្រាវយល់ថា ប្រាសាទនេះប្រហែលជាត្រូវបានកសាងឡើងក្នុងរជ្ជកាល ព្រះបាទជ័យវរ្ម័នទី៧ នៅអំឡុងដើមសតវត្សទី១៣ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយាន។ ប្រាសាទនេះត្រូវបានកសាងឡើងដោយមានកំពែងចំនួន ៤ ជាន់ព័ទ្ធជុំវិញ ដែលបង្ហាញពីភាពរឹងមាំ និងអស្ចារ្យនៃស្ថាបត្យកម្មបុរាណខ្មែរ។ ការអញ្ជើញទៅទៅកាន់ទីតាំងនេះ គឺមិនត្រឹមតែជាការគោរពដល់បេតិកភណ្ឌជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះបុព្វបុរសខ្មែរដែលបានបន្សល់ទុកនូវស្នាដៃដ៏មានតម្លៃទាំងនេះសម្រាប់កូនចៅជំនាន់ក្រោយផងដែរ៕
ដោយ ឈុន សារ៉ាត





