រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន ចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្រ្តី ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកញ្ញានេះ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥
ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន អញ្ជើញចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្រ្តីនៃពិព័រណ៍ទេសចរណ៍ជប៉ុន ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។

ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន អញ្ជើញទៅទីក្រុងណាហ្គូយ៉ា ប្រទេសជប៉ុន ដើម្បីចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្រ្តីនៃពិព័រណ៍ទេសចរណ៍ជប៉ុន និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀតដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥។

បន្ទាប់មក ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងវិស័យឯកជន បានអញ្ជើញដល់ទីក្រុងណាហ្គូយ៉ា ប្រទេសជប៉ុន ដោយសុវិត្ថភាព ដែលក្នុងឱកាសនោះបានទទួលការស្វាគមន៍ដ៏កក់ក្តៅពីសំណាក់ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជាប្រចាំនៅប្រទេសជប៉ុន និងសហការី។

សូមជម្រាបជូនថា តាមកម្មវិធីការងារ ឯកឧត្តមរដ្ឋមន្រ្តី នឹងមានជំនួបជាមួយឯកឧត្តម Hideaki Omura អភិបាលខេត្ត Aichi និងឯកឧត្តម Hirosawa Ichiro អភិបាលក្រុងណាហ្គូយ៉ា ព្រមទាំងចូលរួមពិព័រណ៍ទេសចរណ៍ជប៉ុន និងកិច្ចប្រជុំតុមូលថ្នាក់រដ្ឋមន្រ្តីនៃពិព័រណ៍ទេសចរណ៍ជប៉ុន ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥៕
ដោយ៖ រិទ្ធី ប្រភព៖ ក្រសួងទេសចរណ៍





