រដ្ឋបាលខេត្តកំពង់ស្ពឺប្រារព្ធទិវារំលឹកខួប៣២ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
AKP កំពង់ស្ពឺ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥--
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលខេត្ត បានអញ្ជើញដាក់កន្ត្រកផ្កាអបអរសាទរ ទិវារំលឹកខួប ៣២ឆ្នាំ នៃការប្រកាសឱ្យប្រើប្រាស់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំឡើងនៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ទិវារដ្ឋធម្មនុញ្ញ ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃទី២៤ ខែកញ្ញា។ រដ្ឋធម្មនុញ្ញដែលប្រើប្រាស់សព្វថ្ងៃនេះ ជារដ្ឋធម្មនុញ្ញលើកទី៦ ត្រូវបានអនុម័តដោយសភាធម្មនុញ្ញ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ហើយត្រូវបានអតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ "ព្រះបរមរតនកោដ្ឋ" ប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ ដោយព្រះរាជក្រមចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។

រដ្ឋធម្មនុញ្ញគឺជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់ និងសេចក្តីសម្រេចទាំងឡាយ នៃស្ថាប័ននានារបស់រដ្ឋត្រូវស្របនឹងរដ្ឋធម្មនុញ្ញជាដាច់ខាត។ រដ្ឋធម្មនុញ្ញដែលមានអាយុកាល ៣២ឆ្នាំនេះ មាន១៦ជំពូក និង១៥៨មាត្រា ក្នុងនោះបានចែងអំពីគោលការណ៍ នៃការបែងចែកអំណាចដាច់ដោយឡែកពីគ្នាគឺ៖ ១-អំណាចនីតិបញ្ញត្តិ ២-អំណាចនីតិប្រតិបត្តិ និង ៣-អំណាចតុលាការ ហើយក៏បានអនុម័តនូវសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងគោលការណ៍នីតិរដ្ឋជាដើម៕
ដោយ លឹម សាន្ត





