អភិបាលខេត្តពោធិ៍សាត់ជូនដំណើរប្រជាពលរដ្ឋឡើងជិះរថយន្តក្រុងឥតគិតថ្លៃវិលត្រឡប់ទៅបំពេញការងារនៅបណ្តារាជធានី ខេត្ត ក្រោយភ្ជុំបិណ្ឌរួច
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥-- ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទីតាំងចំណតផ្សារភួពុយ សង្កាត់លលកស ក្រុងពោធិ៍សាត់ បានជួបសំណេះសំណាល និងជូនដំណើរបងប្អូនប្រជាពលរដ្ឋឡើងជិះរថយន្តក្រុងដោយឥតគិតថ្លៃ ដើម្បីវិលត្រឡប់ទៅបំពេញការងារនៅបណ្តារាជធានីខេត្តនៃព្រះរាជាណាចក្រកម្ពុជា នៅក្រោយពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរបានបញ្ចប់។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា ការផ្តល់ជូនរថយន្តក្រុងធ្វើដំណើរដោយឥតគិតថ្លៃនាឱកាសបុណ្យភ្ជុំបិណ្ឌជូនប្អូនប្រជាពលរដ្ឋមកស្រុកកំណើត គឺជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សម្រាប់ខេត្តពោធិ៍សាត់មានរថយន្តក្រុងរបស់រដ្ឋបាលខេត្តចំនួន២៨គ្រឿង រួមទាំងរថយន្តក្រុងរបស់រដ្ឋបាលរាជធានីភ្នំពេញជាច្រើនគ្រឿងទៀត ដើម្បីអន្តរាគមន៍ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋវិលទៅបំពេញការងារវិញ។

ឯកឧត្តមបានបន្ថែមថា ទោះក្នុងកាលៈទេសៈប្រទេសជាតិកំពុងមានបញ្ហាវិវាទព្រំដែនជាមួយថៃយ៉ាងណាក៏ដោយក៏ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាមានគោលការណ៍ជាយុទ្ធសាស្ត្រដើម្បីបង្កើតការងារ និងស្វែងរកការងារជូនបងប្អូនប្រជាពលរដ្ឋយើងឱ្យមានការងារធ្វើ ពិសេសនៅក្នុងខេត្តពោធិ៍សាត់ ដែលមានរូបលោកផ្ទាល់បានខិតខំរកគ្រប់មធ្យោបាយទាំងអស់ ដើម្បីបង្កើនការងារជូនប្រជាពលរដ្ឋយើងនៅនឹងមូលដ្ឋាន។ នេះគឺជាការយកចិត្តទុកដាក់មួយ ដែលជាការបម្រើគោលនយោបាយយ៉ាងពិតប្រាកដសម្រាប់ប្រជាជនទាំងអស់គ្នាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ក្នុងនាមអាជ្ញាធរខេត្ត ឯកឧត្តម ខូយ រីដា សូមឱ្យបងប្អូនប្រជាពលរដ្ឋមានការជឿជាក់លើការដឹកនាំរបស់ថ្នាក់ដឹកនាំកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាពនៃកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតែងតែគិតគូរខ្ពស់នូវសេចក្តីសុខ សុវត្ថិភាពរបស់បងប្អូនយើងទូទាំងប្រទេស៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់)





