ជម្រើសជាតិវូស៊ូកម្ពុជាដណ្តើមបានមេដាយ ៥គ្រឿង ការប្រកួតវូស៊ូនារីជើងឯកអាស៊ាន-ចិន នៅម៉ាឡេស៊ី
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥--
ក្រុមជម្រើសជាតិវូស៊ូកម្ពុជាដណ្តើមបានមេដាយចំនួន ៥ គ្រឿងនៅក្នុងការប្រកួតកីឡាវូស៊ូនារី ជ្រើសរើសជើងឯកអាស៊ាន-ចិន លើកទី១ ឆ្នាំ២០២៥ (The 1st ASEAN-CHINA WOMEN'S WUSHU CHAMPIONSHIPS 2025) នៅប្រទេសម៉ាឡេស៊ី រៀបចំដោយសហព័ន្ធកីឡាវូស៊ូអាស៊ាន-ចិន (ASEAN-CHINA Wushu Federation) ។

លោក ម៉ៅ ចន្ថាវុធ អគ្គលេខាធិការ សហព័ន្ធកីឡាវូស៊ូកម្ពុជា និងជាប្រធានប្រតិភូបានប្រាប់ពីប្រទេសម៉ាឡេស៊ីតាមអនឡាញថា ក្រុមកីឡាការិនីរបស់សហព័ន្ធកីឡាវូស៊ូកម្ពុជាដណ្តើមបានមេដាយចំនួន ៥គ្រឿង ក្នុងនោះមេដាយប្រាក់ចំនួន ១ គ្រឿង និងមេដាយសំរិទ្ធចំនួន ៤ គ្រឿង។ មេដាយទាំង៥គ្រឿងនេះដណ្តើមបានលើវិញ្ញាសា Duilian សម្តែងជាក្រុម ២នាក់ U-18 ទទួលមេដាយប្រាក់ ១គ្រឿង និង២នាក់មនុស្សពេញវ័យទទួលមេដាយសំរឹទ្ធ ១គ្រឿង។ ចំណែកវិញ្ញាសា Taolu សម្តែងឯកត្តជន រួមមាន៖ វិញ្ញាសា ណាន់ឈាន U-18 ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង វិញ្ញាសា ណាន់តាវ U-18 ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង និងវិញ្ញាសា ជៀនស៊ុ U-18 ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង។

លោក ម៉ៅ ចន្ថាវុធ បានលើកឡើងថា ដោយបានការអនុញ្ញាតជាគោលការណ៍ពីក្រសួងអប់រំ យុវជន និងកីឡា ប្រតិភូមន្ត្រីដឹកនាំ គ្រូបង្វឹក គ្រូជំនួយ កីឡាការិនីរបស់សហព័ន្ធកីឡាវូស៊ូកម្ពុជាចំនួន៨ នាក់ ត្រូវបានអនុញ្ញាតឱ្យទៅចូលរួមប្រកួតកីឡាវូស៊ូ ក្នុងកម្មវិធីប្រកួតនេះពីថ្ងៃទី២១-២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី ដោយមាន៩ប្រទេសចូលរួមប្រកួតប្រជែងមេដាយជូនជាតិរៀងៗខ្លួន។ ចំពោះប្រតិភូ អត្តពលិកវូស៊ូជម្រើសជាតិកម្ពុជា រួមមាន៖ លោក ម៉ៅ ចន្ថាវុធ ប្រធានប្រតិភូ លោកស្រី មុយ គាវ គ្រូបង្វឹកក្រុមជម្រើសជាតិ លោកស្រី មៅ មុយចាន់នីដា គ្រូជំនួយ និងកីឡាការិនី៥នាក់ រួមមាន៖ កីឡាការិនី យ៉ង់ សារ៉ាត់កញ្ញាវត្តី, ណារ៉ា អេលីហ្សា, ម៉ក់ ច័ន្ទស្រីពេជ្រ, ចាន់ ពេជ្ររចនា និងកីឡាការិនី យាន គង្គា៕

ដោយ ហេង ណាលីន





