ក្រសួងអប់រំ យុវជន និងកីឡា ពន្យល់ពីអត្ថន័យនៃការរចនារូបសញ្ញាសម្រាប់ទិវាគ្រូបង្រៀន ០៥ តុលា ២០២៥
AKP ភ្នំពេញ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥-- ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រារព្ធពិធីអបអរសាទរខួបលើកទី២៨ ទិវាគ្រូបង្រៀន ០៥ តុលា ២០២៥ ក្រោមប្រធានបទ៖ «គ្រូបង្រៀនជាតួអង្គសំខាន់នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត»។ ពិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ នៅវិទ្យាស្ថានជាតិអប់រំ ដោយក្រសួងបានរចនារូបសញ្ញាសម្រាប់ទិវាគ្រូបង្រៀន ដើម្បីរំលេចអត្ថន័យនៃប្រធានបទ និងផ្សារភ្ជាប់ជាមួយដំណើរវិវត្តនៃបរិវត្តកម្មក្នុងវិស័យអប់រំនៅកម្ពុជា។

ចំពោះរូបសញ្ញានេះត្រូវបានរចនាឡើងដោយមានទស្សនាទាន និងអត្ថន័យ៖ ១. រូបសញ្ញាទាំងមូលត្រូវបានរចនាចេញពីទស្សនាទាននៃ Golden Ratio ឬ Fibonacci Sequence ដែលបង្កើតជារង្វង់២។ Fibonacci Sequence ជាតំណាងដល់សោភ័ណនៃធម្មជាតិ និងគណិតសាស្រ្តដែលជាមូលដ្ឋាននៃការបង្កើតថ្មី និងនវានុវត្តន៍ដែលមានទំនាក់ទំនងគ្នា។ រង្វង់ទាំង២នៃ Fibonacci Sequence ជាតំណាងដល់បរិវត្តកម្មនៃវិស័យអប់រំក្នុងដំណាក់កាលថ្មី ដែលមានការផ្សារភ្ជាប់ជាមួយ មូលដ្ឋាននៃការអភិវឌ្ឍដែលមានពីអតីតកាល។ ២. រង្វង់ទី១នៅផ្នែកខាងក្រោម ជាមូលដ្ឋាននៃការរចនាជារូបហង្ស ដោយមានសាស្ត្រាស្លឹករឹត មនុស្សបុរាណ មានកាន់កែវយឹត និងរហាត់ទឹក។ រូបហង្ស ជាការរំលឹកដល់ស្នាដៃអក្សរសិល្ប៍រឿងហង្សយន្តដែលបង្ហាញពីក្តីស្រមៃនៃសតវត្សទី១៥របស់កវីនិពន្ធខ្មែរក្នុងការផលិតជាយានយន្តមួយដែលអាចហោះហើរបាន។ សាស្ត្រាស្លឹករឹតជាតំណាងនៃការប្រមូលផ្តុំចំណេះដឹង គរុវិជ្ជា និងការអប់រំ។ រហាត់ទឹក ជាតំណាងនៃនវានុវត្តន៍នាសម័យបុរាណដែលបម្រើដល់ជីវភាពរស់នៅ និងវិស័យកសិកម្ម។ មនុស្សបុរាណដែលឆ្លុះកែវយឹតជាការបង្ហាញពីចក្ខុវិស័យ និងការសំឡឹងទៅកាន់អនាគត។ ៣. នៅផ្នែកខាងលើដែលកើតឡើងក្នុងរង្វង់ទី២ គឺមានរូបនាគ ស្រ្តីកាន់បន្ទាត់កែង និងភូគោល រូបសញ្ញាវិទ្យាសាស្រ្ត និងសិល្បៈ រូបរចនាភ្ញីទេសដែលមានកញ្ចុំផ្កា៤ទង និងមានចារឹកពាក្យ AI ឬបញ្ញាសិប្បនិម្មិតនៅខាងលើ។ រូបនាគជាតំណាងនៃការបន្តវង្សប្រកបដោយភាពអង់អាច និងរស់រវើក។ រូបភ្ញីទេសដែលមានកញ្ចុំផ្កា៤ទងជាតំណាងនៃសម្បទាទាំង៤ក្នុងការអប់រំគឺពុទ្ធិ បំណិន កាយ និងចរិយាសម្បទា។ កុំព្យូទ័រ កែវពិសោធន៍ រូបូត និងអក្សរភ្លេង ជាតំណាងដល់ការអប់រំវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងសិល្បៈ ដែលបម្រើដល់មនុស្សជាតិ។ រូបស្រ្តី ជាតំណាងដល់គ្រូបង្រៀនដែលត្រូវប្រកបដោយមនសិការវិជ្ជាជីវៈ និងការដឹកនាំសិស្សឱ្យមើលឃើញពិភពលោកមួយដែលទូលាយ ប្រកប ដោយភាពជាពលរដ្ឋសកល។ ៤. អក្សរ AI ជាតំណាងដល់ការធ្វើសមាហរណកម្មនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅក្នុងការអប់រំ។ កំណោងនៃអក្សរ AI ទៅតាមគន្លងបរិមាត្រនៃរង្វង់ជាការបញ្ជាក់សារជាថ្មីថា បច្ចេកវិទ្យាជាមធ្យោបាយ តែមិនមែនជាការជំនួសភាពចាំបាច់បំផុតនៃគ្រូបង្រៀននៅក្នុងការអប់រំឡើយ តែ AI នឹងក្លាយជាសម្បទាថ្មីមួយទៀតនៃវិជ្ជាជីវៈគ្រូ។ ក្នុងន័យនេះ គ្រូបង្រៀននៅតែជាតួអង្គសំខាន់នៃបរិវត្តកម្មការអប់រំដោយបញ្ញាសិប្បនិម្មិត។ ៥.ជាចុងក្រោយអក្សរ AI ដែលមានគម្លាតធំពីបរិមាត្រនៃរង្វង់ ជាការបង្ហាញពីតួនាទីនៃបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្នក្នុងការពង្រីកវិសាលភាព និងព្រំដែននៃចំណេះដឹងឱ្យកាន់តែទូលាយ និងមានបរិវត្តកម្មទៅកាន់ដំណាក់កាលថ្មីមួយទៀត ហើយដែលចូលរួមដល់ការកសាងសង្គមដែលប្រកបដោយពុទ្ធិ និងវិបុលភាព។

សូមបញ្ជាក់ថា ការរៀបចំរូបសញ្ញានេះត្រូវបានដឹកនាំដោយលោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខា ធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា ដោយមានការគូសព្រាងដោយឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ការរចនាដោយលោក លី ពុទ្ធិរៈ លោក សរ សុភក្តិ និងសហការីនៃមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





