ក្នុងមហាសន្និបាត អ.ស.ប. ឯកឧត្តម ប្រាក់ សុខុន សម្តែងនូវក្តីបារម្ភយ៉ាងជ្រាលជ្រៅចំពោះភាពតានតឹងដែលកំពុងបន្ត នៅតាមព្រំដែនជាមួយប្រទេសថៃ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥--
ខណៈពេលដែលកម្ពុជាបានប្រែក្លាយពីប្រទេសដែលទទួល ទៅជាអ្នកផ្តល់សន្តិភាព និងស្ថេរភាព ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងនូវក្តីបារម្ភយ៉ាងជ្រាលជ្រៅចំពោះភាពតានតឹងដែលកំពុងបន្ត នៅតាមព្រំដែនជាមួយប្រទេសថៃ ដោយបានប្រកាសប្រឆាំងនឹងការរំលោភអធិបតេយ្យ និងអំពាវនាវឱ្យគោរពយ៉ាងម៉ឺងម៉ាត់លើបទឈប់បាញ់ កិច្ចសន្ទនា និងដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។

ក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣-២៩ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុង ញូវយ៉ក ក្រោមមូលបទ «រួមគ្នាដើម្បីភាពប្រសើរឡើង៖ ៨០ឆ្នាំ និងច្រើនឆ្នាំទៀត ដើម្បីសន្តិភាព ការអភិវឌ្ឍ និងសិទ្ធិមនុស្ស» ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាបាន អំពាវនាវឱ្យមានការគាំទ្រពីអាស៊ាន អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិឱ្យជួយបន្ធូរបន្ថយភាពតានតឹង និងស្តារឡើងវិញនូវជំនឿទុកចិត្តរវាងប្រទេសទាំងពីរ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនមហាសន្និបាត អំពីការវាយ ប្រហារឥតញញើត នាពេលថ្មីចុងក្រោយនេះរបស់ថៃ មកលើកម្ពុជា ដែលបានកើតឡើងនៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានច្រានចោលទាំងស្រុងនូវការចោទប្រកាន់ថា កងកម្លាំងកម្ពុជាបានបើកការបាញ់ប្រហារមុន ដោយសង្កត់ធ្ងន់ថា កងទ័ពរបស់កម្ពុជាមិនធ្វើដូចការចោទប្រកាន់ ឬបានសងសឹកឡើយ ដែលនេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ ពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ចំពោះសន្តិភាព៕
ដោយ៖ គង់ សិរីរ័ត្ន





