ពិធីប្រកាសបិទសវនកម្មផ្ទៃក្នុងការិយបរិច្ឆេទ២០២៤ និងបណ្ដាឆ្នាំពាក់ព័ន្ធស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥-- ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សុក សារ៉េត អគ្គនាយករងតំណាងឯកឧត្ដម ឧត្ដមសេនីយ៍ឯក ងួន ស្រេង អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសបិទសវនកម្មផ្ទៃក្នុងការិយបរិច្ឆេទ២០២៤ និងបណ្ដាឆ្នាំពាក់ព័ន្ធនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។

ជាកិច្ចចាប់ផ្ដើមឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរងតំណាងឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានឯកឧត្តមឧត្តមសេនីយ៍ឯក ព្រមទាំងប្រតិភូអមដំណើរនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញជាគណៈអធិបតីនាឱកាសនេះ។

ឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ បានលើកឡើងអំពីការងារសម្រេចបានក្នុងរយៈពេលថ្មីៗនេះ រួមមាន÷ អគារមុខងារ និងជួសជុលកែលម្អ អគារការិយាល័យជំនាញដាំដើមឈើក្នុងបរិវេណ ជុំវិញរបងស្នងការដ្ឋាននគរបាលខេត្ត។ទិញសម្ភារៈបំពាក់សម្រាប់ការិយាល័យជំនាញ និងទិញមធ្យោបាយ(ម៉ូតូប្រដេញចំនួន០៦គ្រឿងនិងម៉ូតូហុងដាសេ១០០ ចំនួន២គ្រឿង)។បាននាំគ្រឿងឧបភោគបរិភោគ ថវិកា ឧបត្ថម្ភ ជូនអតីតយុទ្ធជនជាប្រចាំ។ បានដឹកនាំកងកម្លាំងនិងដោយមានការចូលរួមពីសប្បុរសជនសាងសង់ប៉ុស្តិ៍គោលដៅ សម្រាប់កងកម្លាំងប្រចាំការ។ ចុះសំណេះសំណាលជាមួយកងកម្លាំងនគរបាលទូទាំងខេត្តដើម្បីពង្រឹងបទវិន័យ តួនាទី ភារកិច្ច តាមឋានានុក្រម។ ចុះសាកសួរសុខទុក្ខមន្ត្រីនគរបាល ដែលមានជំងឺឈឺថ្កាត់ដល់គេហដ្ឋាន។ ធ្វើការលើកទឹកចិត្តចំពោះថ្នាក់ដឹកនាំ និងកម្លាំង ដែលមានស្នាដៃ ក្នុងការអនុវត្ត តួនាទី ភារកិច្ច ជូនអង្គភាព។ បើកវគ្គបណ្តុះបណ្តាលបំប៉នជំនាញរយៈពេលខ្លី ដល់កងកម្លាំង។

ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ត្រីបានណែនាំដល់លោក លោកស្រី ដែលមានវត្តមានក្នុងពិធីត្រូវត្រងត្រាប់ស្ដាប់កត់ត្រានូវអនុសាសន៍បទពិសោធន៍ ដ៏មានតម្លៃ របស់ឯកឧត្តមគណៈអធិបតី ដើម្បីជាត្រីវិស័យ សម្រាប់អនុវត្ត តួនាទី ភារកិច្ចជំនាញជាប្រចាំថ្ងៃ សម្រេចបានជោគជ័យបន្ថែមទៀត។

ឯកឧត្តម ឧត្តមសេនីយ៍ឯក សុក សារ៉េត អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងបានថ្លែងថាការចុះធ្វើសវនកម្ម គឺដើម្បីត្រួតពិនិត្យលើប្រព័ន្ធដឹកនាំតាមបណ្តាផែនជំនាញនីមួយៗ វាយតម្លៃលើភារកិច្ចជំនាញ តម្រង់ទិស កែលំអរចំនុចខ្វះខាតមួយចំនួន តាមបណ្តាឆ្នាំដែលពាក់ព័ន្ធ ជាពិសេសគឺ៖ ទី១. ការងារគ្រប់គ្រង ទី២. ការងារគ្រប់គ្រងហិរញ្ញវត្ថុ (គ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ មានអចលនទ្រព្យ ចលនទ្រព្យ) ទី៣. ត្រួតពិនិត្យកញ្ចប់ថវិកា ទី៤. ការងាររដ្ឋបាលទូទៅ។
ការចុះធ្វើសវនកម្មនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ រយៈពេលកន្លងមក ជាលទ្ធផលបានបង្ហាញឱ្យឃើញថា ស្នងការនគរបាលខេត្តកំពង់ធំបានយកចិត្តទុកដាក់ អនុវត្តបានត្រឹមត្រូវ តាមផែនការសកម្មភាពការងារ និងផែនការយុទ្ធសាស្ត្រប្រចាំឆ្នាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ ក្នុងការចូលរួមពង្រឹងរាល់យន្តការផ្សេងៗ ដែលរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដាក់ចេញ សម្រាប់ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត អនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមបានសម្ដែងចូលរួមអបអរសាទរ និងកោតសរសើរ ដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំដែលមានការកែលម្អ អង្គភាពឱ្យទទួលបាន ភាពស្រស់បំព្រង និងរៀបចំបានល្អប្រសើរ ដែលជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ក៏ដូចជាអស់លោក លោកស្រី ដែលបានចូលរួមក្នុងការកសាងអភិវឌ្ឍន៍ រីកចម្រើននូវសមិទ្ធផលនានាគួរជាទីមោទនៈ៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ)





